ភ្នំពេញ ៖ ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពចូលទៅលួចគ្រោងទ្វារ និងទ្វារ នៅក្នុងផ្ទះមួយកន្លែងដែលជាអតីតសាលារៀនមីគីវ៉េតែបច្ចុប្បន្នម្ចាស់ទុកចោល ដោយ ទៅរស់នៅផ្ទះផ្សេងមួយទៀត ។ ពេលកំពុងលួច ត្រូវបានអ្នកជិខាងឃើញ ក៏ទូរស័ព្ទប្រាប់ឲ្យម្ចាស់ផ្ទះបានដឹង ហើយម្ចាស់ផ្ទះរូបនោះក៏បានសុំការអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍ដង្កោ ឲ្យចុះទៅឃាត់ខ្លួនជនសង្ស័បាន២នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃត្រង់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ១,ឈ្មោះ ហង់ សែន ភេទប្រុស អាយុ៣៧ឆ្នាំ ២,ឈ្មោះ ម៉ៅ ដារ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ ទាំង២នាក់នេះមានមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដោយឡែកបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ ស្កាយ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ រត់គេចខ្លួនបាត់ស្រមោល ។
ជនរងគ្រោះឈ្មោះ លីម សុខ ភេទស្រី អាយុ៧៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ២A ផ្លូវលេខH០៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នគរបាលដកហូតម៉ូតូសណ្តោងរ៉ឺម៉ក(ម៉ូតូចាស់)១គ្រឿង,គ្រោងទ្វារឈើ ចំនួន០៨គ្រោង ,ទ្វារឈើចំនួន០៣ផ្ទាំងពីជនសង្ស័យ ប៉ុន្តែបានបាត់ទ្វារដែកចំនួន១៤ផ្ទាំង ,គ្រោងបង្អួចដែកចំនួន១១គ្រោង ដែកវេរ៉ង់ដា ប្រវែង១២ម៉ែត្រ ។ ,ទ្វារឈើចំនួន០៨ផ្ទាំង ,ខ្សែភ្លើង១ខ្សែដែលតភ្ជាប់ពីបង្គោលភ្លើងចូលផ្ទះប្រវែង២០ម៉ែត្រ ,ឌីសង់ទ័រភ្លើង ចំនួន៤០ ,និងខ្សែភ្លើងជាច្រើនដែលបង្កប់ក្នុងជញ្ជាំងនិងពិដាន។
នគរបាលបានប្រាប់ថា កន្លងមកផ្ទះខាងលើ ត្រូវបានម្ចាស់ជួលឱ្យគេបើកសាលារៀនមីគីវ៉េ ប៉ុន្តែបច្ចុប្បន្នបានទុកចោល ហើយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ខណៈម្ចាស់ផ្ទះនោះ កំពុងរស់នៅផ្ទះលេខ២A ផ្លូវលេខ០៥ បុរីប៉េង ហួត បឹងស្នោ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ក៏មានអ្នកជិតខាងទូរស័ព្ទប្រាប់ថា មានចោរចូលលួចសម្ភារៈក្នុងផ្ទះរបស់គាត់ ពេលនោះម្ចាស់ផ្ទះក៏បានទូរស័ព្ទរាយការណ៍ប្រាប់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឱ្យជួយអន្តរាគមន៍ ។
នគរបាលប្រាប់ឲ្យដឹងបន្តថា ភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍ខាងលើក៏បានចុះកាន់ទីតាំងកើតហេតុនោះ ហើយបានឃាត់ខ្លួនជនសង្ស័យបាន២នាក់ រួមវត្ថុតាងនាំយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ សាកសួរតាមនីតិវិធីច្បាប់ ។ ចំណែកបក្ខពួកជនសង្ស័យ១នាក់ទៀតឈ្មោះ ស្កាយ បានរត់គេចខ្លួនបាត់ ហើយក្រោយពីការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួននិងបក្ខពួកឈ្មោះ ស្កាយ ពិតជាបានធ្វើសកម្មភាពចូលតាមបង្អួចផ្ទះនោះលួចយកសម្ភារៈខាងលើពិតប្រាកដមែន ។
បន្ទាប់មកនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ហើយ ៕










