ភ្នំពេញ៖.គ្រោះធម្មជាតិមិនអាចហាមឃាត់បាន ប៉ុន្តែយើងអាចកាត់បន្ថយការខូចខាត និងគ្រោះថ្នាក់ដល់អាយុជីវិត តាម រយៈការបង្កើនការប្រុងប្រយ័ត្ន និងការសហការជួយគ្នាទៅវិញទៅមកក្នុងស្មារតីសាមគ្គីភាព មិត្ដភាព បងប្អូនតែមួយ ។
សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ប្រធាន គណៈ កម្មាធិការកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង
បានបញ្ជាក់បែបនេះ ខណៈសម្ដេច ចុះជួបសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន១១៧ខ្នងផ្ទះ នៅស្រុករមាសហែក ខេត្តស្វាយ រៀង ព្រឹកថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានឱ្យដឹងថា មានផ្ទះប្រជាពលរដ្ឋចំនួន ៥ស្រុក-ក្រុង នៅខេត្តស្វាយរៀង ដែលរងការខូចខាតដោយសារភ្លៀង លាយឡំនិងផ្គររន្ទះខ្យល់កន្ត្រាក់ ចំនួន ២៤២ខ្នង នៅស្រុកកំពង់រោទិ៍៥ខ្នង ស្រុកស្វាយទាប ៣៣ខ្នង ស្រុករំដួល ៤ខ្នង ស្រុករមាសហែក៨៣ខ្នង និងក្រុងស្វាយ រៀង១១៧ខ្នង កាលពីរសៀលថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៦។
សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខយ៉ាងក្រៃលែងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសេចក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់បងប្អូននាពេលនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា កាកបាទ ក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន តែងតែឈរនៅលើគោលការណ៍មនុស្សធម៌ ដោយ «មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយអត់បាយ ឬគ្មានទីជម្រក ដោយសារតែអាជ្ញាធរមិនបានដឹង ឬមិនបានដោះ ស្រាយនោះឡើយ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ ដោយ។ ចំណែកអំណោយមនុស្សធម៌ជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាត្រូវបាននាំយកមកចែកជូនក្នុងថ្ងៃនេះ បានជួយសម្រាលនូវការលំបាកចំពោះមុខ និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសាររងគ្រោះទាំងអស់។
សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ទោះបីជាគ្រោះធម្មជាតិយើងមិនអាចហាមឃាត់បាន ប៉ុន្តែយើងអាចកាត់បន្ថយការខូចខាត និងគ្រោះថ្នាក់ដល់អាយុជីវិតបាន តាមរយៈការបង្កើនការប្រុងប្រយ័ត្ន និងការសហការជួយគ្នាទៅវិញទៅមកក្នុងស្មារតីសាមគ្គីភាព ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏មានមតិផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដូចតទៅ ៖.សូមបងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ ដែលមានការប្រែប្រួលជាយថាហេតុ ជា ពិសេសនៅក្នុងអំឡុងពេលត្រៀមចូលនិងនៅក្នុងរដូវវស្សា ។ . សូមការពារសុវត្ថិភាពសមាជិកគ្រួសារ និងកុមារតូចៗ៖ នៅពេលមានភ្លៀងខ្យល់ខ្លាំង ត្រូវណែនាំកូនចៅឱ្យនៅក្នុងផ្ទះ ឬរកជម្រកដែលមានសុវត្ថិភាពខ្ពស់ ជៀសវាងការជ្រកក្រោមដើមឈើធំៗ និងត្រូវបិទទូរស័ព្ទដៃ ឬឧបករណ៍អគ្គិសនី ដែលអាចបង្ករគ្រោះថ្នាក់ដោយសាររន្ទះបាញ់។ សូមថែរក្សាសុខភាព និងអនាម័យ៖ ត្រូវរស់នៅមានអនាម័យ ផឹកទឹកឆ្អិន ឬទឹកស្អាត ដើម្បីការពារជំងឺដង្កាត់ផ្សេងៗ ឬការប្រែប្រួលអាកាសធាតុភ្លាមៗ៕. ដោយ សំរិត











