ចាក់សាំងដុតអតីតប្រពន្ធទាំងរស់ ព្រោះមិនព្រមត្រឡប់ទៅរួមរស់វិញ ត្រូវអាវុធហត្ថកំពង់ស្ពឺវាយខ្នោះភ្លាមៗ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ករណីហិង្សាដ៏សាហាវ និងគួរឱ្យតក់ស្លុតមួយ បានកើតឡើងនៅក្នុងខេត្តកំពង់ស្ពឺ ដោយបុរសម្នាក់បានធ្វើសកម្មភាពយកសាំងចាក់ស្រោចលើអតីតប្រពន្ធ រួចដុតបណ្ដាលឱ្យរងរបួសរលាកធ្ងន់ធ្ងរ ខណៈដែលជនរងគ្រោះមិនព្រមត្រឡប់ទៅរួមរស់ជាមួយខ្លួនវិញ។ នេះបើតាមប្រភពនៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២៦នេះ។

ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញបានចេញអន្តរាគមន៍យ៉ាងឆាប់រហ័ស បន្ទាប់ពីទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ ១២៩២ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យឈ្មោះ គឹម រដ្ឋា ដែលជាអតីតប្តី បានធ្វើសកម្មភាពដ៏ឃោរឃៅ ដោយយកសាំងចាក់ស្រោចលើជនរងគ្រោះជាអតីតប្រពន្ធ រួចដុតបង្កឱ្យមានរបួសរលាកធ្ងន់ធ្ងរ។ មូលហេតុដំបូង ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ផ្តើមចេញពីការខឹងសម្បារព្រោះជនរងគ្រោះមិនព្រមវិលត្រឡប់ទៅរួមរស់ជាមួយខ្លួនវិញ។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះដល់ទីតាំងកើតហេតុ និងបង្ក្រាបករណីនេះទាន់ពេលវេលា ដោយធ្វើការឃាត់ខ្លួនជន សង្ស័យបានចំនួន ១នាក់។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន រួមមាន គ្រឿងញៀន ដែកកេះ និងវត្ថុតាងពាក់ព័ន្ធផ្សេងៗទៀត។

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ខណៈជនរងគ្រោះកំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

ករណីនេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើដ៏សាហាវព្រៃផ្សៃ ដែលមិនអាចទទួលយកបាន និងជាអំពើហិង្សាធ្ងន់ធ្ងរប៉ះពាល់ដល់សុវត្ថិភាពសង្គម៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print