សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានវាយប្រហារទីតាំងយោធារបស់អ៉ីរ៉ង់ ហើយនៅថ្ងៃចន្ទនេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បាននិយាយថា ខ្លួនបានកំណត់គោលដៅលើ មូលដ្ឋានទ័ពអាមេរិកមួយកន្លែងជាការឆ្លើយតប ខណៈវាគឺជាការវាយប្រហារទៅមកដាក់គ្នាថ្មីចុងក្រោយ ស្របពេលដែលភាគីទាំង២ នៅតែមិនទាន់អាចចរចាបានកិច្ចព្រមព្រៀង ដើម្បីបិទបញ្ចប់សង្រ្គាមដែលមានរយៈពេល៣ខែមកហើយ។
ទីបញ្ជាការយោធាអាមេរិក CENTCOM បានអះអាងថា ការវាយប្រហារទៅលើបណ្តោយឆ្នេររបស់ប្រទេសអ៉ីរ៉ង់ ដែលនៅជាប់តំបន់ឈូងសមុទ្រអារ៉ាប់ គឺជាការឆ្លើយតប ចំពោះសកម្មភាពបំពានរបស់អ៉ីរ៉ង់ ដែលរួមមានទាំងការបាញ់ទម្លាក់យន្តហោះដ្រូន MQ-1 ១គ្រឿងរបស់អាមេរិក ដែលធ្វើប្រតិបត្តិការនៅលើដែនទឹកអន្តរជាតិ។ CENTCOM បានបន្ថែមថា យន្តហោះចម្បាំងអាមេរិក បានឆ្លើយតបយ៉ាងរហ័ស ដោយកម្ទេចប្រព័ន្ធការពារដែនអាកាស ស្ថានីយបញ្ជាគ្រប់គ្រង និងយន្តហោះដ្រូនមួយចំនួនរបស់អ៉ីរ៉ង់ ដែលបង្កការគំរាមកំហែង ចំពោះកប៉ាល់ដែលធ្វើដំណើរឆ្លងកាត់ផ្លូវទឹកក្នុងតំបន់។
ដោយឡែក កងកម្លាំងអ៉ីរ៉ង់ IRGC បាននិយាយថា ខ្លួនបានកំណត់គោលដៅលើ មូលដ្ឋានទ័ពអាកាសមួយកន្លែងប្រើប្រាស់ដោយអាមេរិក សម្រាប់វាយប្រហារភាគខាងត្បូងប្រទេសអ៉ីរ៉ង់ ប៉ុន្តែមិនបានប្រាប់ច្បាស់ថា មូលដ្ឋាននោះស្ថិតនៅប្រទេសណាទេ។ ទោះបែបនេះក្តី មានសេចក្តីរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសនៅឯប្រទេសកូវ៉ែត ជាទីដែលមូលដ្ឋានយោធាអាមេរិកធំមួយស្ថិតនៅ បានឆ្លើយតបការវាយប្រហារមីស៉ីលនិងដ្រូន នាថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា ក្រោយសង្រ្គាមរវាងអាមេរិកនិងអ៉ីរ៉ង់ ផ្ទុះឡើងកាលពីចុងខែកុម្ភៈ បទឈប់បាញ់មួយបានចូលជាធរមាន កាលពីដើមខែមេសា ប៉ុន្តែការវាយប្រហារដាក់គ្នាទៅមក រវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងតេហេរ៉ង់ បានកើតមានឡើងវិញខ្លះៗ ជាពិសេសអំឡុងមួយរយៈចុងក្រោយនេះ ស្របពេលដែលកិច្ចប្រឹងប្រែងចរចាកំពុងតែបន្ត សំដៅស្វែងរកកិច្ចព្រមព្រៀងរឹងមាំមួយ ដើម្បីបិទបញ្ចប់សង្រ្គាមផ្លូវការ៕

រូបថត: dantri









