ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌចំការមន រាជធានីភ្នំពេញ
ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
យោងតាមអនុក្រឹត្យលេខ ០៣ អនក្រ.បកចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ព្រមទាំងបទបញ្ជាលេខ ០១បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។
នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការ ដឹកនាំកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ។
ប្រតិបត្តិការនេះ ក៏មានការសម្របសម្រួលផ្លូវច្បាប់ពីលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងអគារ DIAMOND ONE ស្ថិតនៅទីក្រុងកោះពេជ្រ ផ្លូវញ៉ូតុន ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
+កម្លាំងចម្រុះបានចុះត្រួតពិនិត្យរដ្ឋបាលចំនួន ០១ទីតាំង ដែលជាលទ្ធផលដូចខាងក្រោម៖
-ក្រុមការងារសមត្ថកិច្ចចម្រុះបានពិនិត្យជាក់ស្តែងឃើញថាទីតាំងជាប្រភេទអគារស្នាក់នៅរួមមានកម្ពស់ ១៩ជាន់ ស្មើនឹង ៤៤៨បន្ទប់ មានមនុស្សស្នាក់នៅសរុបចំនួន ២៨៨នាក់ ស្រី ៩២នាក់ មាន ១០សញ្ជាតិ ក្នុងនោះមានជនបរទេសស្នាក់នៅខុសច្បាប់ (ពុំមានលិខិតឆ្លងដែន និងហួសទិដ្ឋាការស្នាក់នៅ) សរុបចំនួន ០៧នាក់ ស្រី ០៣នាក់ មាន ០៣សញ្ជាតិ ហើយធ្វើការផាកពិន័យម្ចាស់ទីតាំងស្របទៅនិងច្បាប់ និងបានបញ្ជូនជនបរទេសស្នាក់នៅខុសច្បាប់ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។ ចំពោះទីតាំងខាងលើ ពុំបានរកសម្ភារពាក់ព័ន្ធសង្ស័យបម្រើការឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)ឡើយ៕
ដោយ ៖ សិលា










