ក្នុងបរិបទដែលបញ្ហាព្រំដែនគោក និងការកំណត់ដែនសមុទ្រនៅតែជាប្រធានបទរសើបសម្រាប់រដ្ឋជាច្រើន ការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ “Compulsory Conciliation” ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជាមួយប្រទេសថៃ មិន មែនគ្រាន់តែជាជំហានផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាជម្រើសនយោបាយ និងការទូតដ៏ច្បាស់លាស់ផងដែរ។ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ និងស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋជិតខាងទាំងពីរ។
ជាមូលដ្ឋាន UNCLOS គឺជាក្របខណ្ឌច្បាប់អន្តរជាតិដ៏សំខាន់បំផុតសម្រាប់គ្រប់គ្រងសមុទ្រ និងធនធានសមុទ្រ។ អនុសញ្ញានេះមិនត្រឹមតែកំណត់សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋនានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតយន្តការដើម្បីធានាថា វិវាទរវាងរដ្ឋភាគីអាចត្រូវបានដោះស្រាយដោយសន្តិវិធី ស្របតាមគោលការណ៍នីតិរដ្ឋអន្តរជាតិ។ នេះគឺជាស្មារតីស្នូលនៃសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ជាជាងការប្រើកម្លាំង និងការប្រើប្រាស់ឥទ្ធិពលនយោបាយ។
ក្នុងន័យនេះ ពាក្យថា “ការផ្សះផ្សាដោយបង្ខំ” អាចត្រូវបានមនុស្សមួយចំនួនយល់ច្រឡំថា ជាការបង្ខំឱ្យភាគីណាមួយទទួលយកការសម្រេចចិត្តរបស់ភាគីណាមួយ តែតាមការពិត នេះគឺជានីតិវិធីដែលមានចែងនៅក្នុង UNCLOS ដើម្បីបង្កើតគណៈកម្មការឯករាជ្យមួយ ធ្វើការសិក្សា ស្តាប់អំណះអំណាង និងភស្តុតាងពីភាគីពាក់ព័ន្ធ រួចផ្តល់យោបល់សម្រាប់ដំណោះស្រាយ។ ទោះបីជាយោបល់ទាំងនោះមិនមានអានុភាពដូចសាលក្រមតុលាការក៏ដោយ ក៏វាមានទម្ងន់ផ្នែកផ្លូវច្បាប់ ការទូត និងសីលធម៌នយោបាយយ៉ាងសំខាន់នៅក្នុងសហគមន៍អន្តរជាតិដែរ។
សម្រាប់កម្ពុជា ការជ្រើសរើសប្រើប្រាស់យន្តការនេះ គឺជាការបញ្ជូនសារនយោបាយយ៉ាងច្បាស់ថា កម្ពុជាប្តេជ្ញាដោះស្រាយវិវាទដោយផ្អែកលើច្បាប់អន្តរជាតិ មិនមែនដោយផ្អែកលើសម្ពាធអំណាច ឬកម្លាំងនោះទេ។ នេះជាការបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងការទូតរបស់កម្ពុជាដែលយល់ថា ក្នុងពិភពលោកបច្ចុប្បន្ននេះ ភាពស្របច្បាប់ “Legitimacy” មានសារៈសំខាន់មិនចាញ់អំណាច “Power” ឡើយ។ សម្រាប់រដ្ឋតូចៗ ការគោរព និងការប្រើប្រាស់ច្បាប់អន្តរជាតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារផលប្រយោជន៍របស់ជាតិ។
លើសពីនេះ ការឈានទៅរកវិធីនេះក៏អាចត្រូវបានមើលឃើញថា ជាការផ្លាស់ប្តូរសមរភូមិពីការជជែកគ្នាផ្អែកលើនយោបាយ ទៅកាន់វេទិកាច្បាប់អន្តរជាតិ ដែលជាការសម្រេចចិត្ត និងការវាយតម្លៃបានត្រឹមត្រូវផ្អែកលើអង្គហេតុ ភស្តុតាង និងគោលការណ៍ច្បាប់។ នៅក្នុងទស្សនៈនេះ កម្ពុជាកំពុងព្យាយាមធ្វើឱ្យសំណុំរឿងពាក់ព័ន្ធនិងបញ្ហាព្រំដែនទឹកឲ្យក្លាយទៅជាបញ្ហាច្បាប់ ជាជាងបញ្ហាអារម្មណ៍នយោបាយ ឬជាតិនិយម ដែលអាចនាំឱ្យមានការប្រឈមមុខដាក់គ្នាដោយការប្រើកម្លាំង។
ជាក់ស្តែង ក្នុងប្រវត្តិសាស្ត្រអន្តរជាតិបានបង្ហាញរួចហើយថា យន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS មិនមែនជាទ្រឹស្តីតែនៅលើក្រដាសនោះទេ ប៉ុន្តែជាយន្តការដែលអាចនាំទៅរកលទ្ធផលជាក់ស្តែងបាន។ ជាឧទាហរណ៍ដ៏សំខាន់មួយគឺករណីរវាង Timor-Leste និង Australia នៅឆ្នាំ ២០១៦ ទីម័រខាងកើតបានស្នើឱ្យអនុវត្តយន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS ពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ និងការចែករំលែកធនធានប្រេង និងឧស្ម័ននៅក្នុងសមុទ្រ Timor។ បន្ទាប់ពីដំណើរការចរចា និងសម្របសម្រួលជាច្រើនដំណាក់កាលមក ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងកំណត់ព្រំដែនសមុទ្រជាអចិន្ត្រៃយ៍នៅឆ្នាំ ២០១៨ ដែលត្រូវបានចាត់ទុកថា ជាជោគជ័យប្រវត្តិសាស្ត្រមួយដ៏ធំរបស់ UNCLOS។
អ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងបំផុតនៅក្នុងករណីនេះ គឺទីម័រខាងកើតមិនមែនជាប្រទេសដែលមានអំណាចយោធា ឬសេដ្ឋកិច្ចធំជាងអូស្ត្រាលីនោះទេ។ ប៉ុន្តែទីម័រខាងកើតអាចពង្រឹងជំហររបស់ខ្លួនតាមរយៈការប្រើប្រាស់វេទិកាច្បាប់អន្តរជាតិ និងភាពស្របច្បាប់នៃអំណះអំណាងរបស់ខ្លួនបាន។ ករណីនេះបានបង្ហាញយ៉ាងច្បាស់ថា នៅក្នុងពេលដែលច្បាប់អន្តរជាតិដើរតួនាទីកាន់តែសំខាន់ កម្លាំងរបស់រដ្ឋមួយមិនត្រូវបានវាស់ត្រឹមតែដោយអំណាចយោធា ឬសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើសមត្ថភាពក្នុងការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីការពារ និងលើកកម្ពស់ផលប្រយោជន៍ជាតិរបស់ខ្លួនផងដែរ។
ក្នុងន័យនេះ ករណីទីម័រខាងកើតបានផ្តល់មេរៀនដ៏សំខាន់មួយសម្រាប់រដ្ឋតូចៗទាំងឡាយថា “អំណាចនៃច្បាប់” “Power of Law” អាចក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពជាង “ច្បាប់នៃអំណាច” “Law of Power” នៅពេលដែលរដ្ឋមួយមានភាពអត់ធ្មត់ យុទ្ធសាស្ត្រច្បាស់លាស់ និងការគាំទ្រពីគោលការណ៍អន្តរជាតិ។
សាធារណជនក៏គួរយល់ដែរថា ការចាប់ផ្តើមនីតិវិធីនេះ មិនមែនមានន័យថា កម្ពុជាឈ្នះ ឬថៃចាញ់នោះទេ។ វាក៏មិនមែនជាសញ្ញាបង្ហាញថា ភាគីណាមួយកំពុងបោះបង់សិទ្ធិអធិបតេយ្យ ឬផលប្រយោជន៍ជាតិរបស់ខ្លួនដែរ។ ផ្ទុយទៅវិញ វាជាការអនុវត្តសិទ្ធិស្របច្បាប់ដែលមានចែងក្នុងអនុសញ្ញាអន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព និងបង្កើនភាពច្បាស់លាស់ចំពោះបញ្ហាដែលនៅមានការខ្វែងគំនិតគ្នា។
ក្នុងទិដ្ឋភាពយុទ្ធសាស្ត្រ ការប្រើប្រាស់យន្តការ UNCLOS ក៏ជាការពង្រឹងរូបភាពរបស់កម្ពុជាក្នុងនាមជារដ្ឋដែលគោរពច្បាប់អន្តរជាតិ និងគាំទ្រពហុភាគីនិយម ដោយសន្តិវិធី តម្លាភាព និងគោរពគ្នាទៅវិញទៅមក។ នៅពេលដែលរដ្ឋមួយជ្រើសរើសផ្លូវច្បាប់ជំនួសឲ្យការប្រឈមមុខដាក់គ្នា នោះមិនត្រឹមតែបង្កើនទំនុកចិត្តពីសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងជំហរសីលធម៌ និងភាពស្របច្បាប់របស់ខ្លួននៅលើឆាកពិភពលោកផងដែរ។
ជារួម ការអនុវត្តយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោម UNCLOS គួរត្រូវបានយល់ថា ជាការប្រើប្រាស់ “អំណាចនៃច្បាប់” ដើម្បីការពារផលប្រយោជន៍ជាតិ និងជំរុញដំណោះស្រាយដោយសន្តិវិធី។ ក្នុងន័យនយោបាយ គឺជាការបង្ហាញថា កម្ពុជាកំពុងព្យាយាមបម្លែងវិវាទពីសមរភូមិនៃអំណាច ទៅជាសមរភូមិនៃភាពស្របច្បាប់ ពីការប្រកួតប្រជែងខាងនយោបាយ ទៅកាន់ការជជែកគ្នាដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ។ នេះមិនត្រឹមតែជាការការពារផលប្រយោជន៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការកសាងកេរ្តិ៍ឈ្មោះ អំណាចទន់ “Soft Power” និងជំហរការទូតរបស់កម្ពុជានៅក្នុងសណ្តាប់ធ្នាប់អន្តរជាតិដែលកំពុងមានភាពមិនប្រាកដប្រជានិងការប្រកួតប្រជែកភូមិសាស្ត្រនយោបាយឥតឈប់ឈរនៅលើពិភពលោកក្នុងពេលបច្ចប្បន្ននេះផងដែរ៕
ដោយ៖ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ










