ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានរួតរះស្តារប្រឡាយមេប្រវែង១៦០០ម៉ែត្រ ដើម្បីរំដោះទឹកលិចលង់ ពីតំបន់ភូមិអន្លង់ក្ងាន ភូមិសំរោង ភូមិត្រពាំងរាំងចាស់ និងតំបន់ភូមិសែនសុខទាំង៧ ហូរទៅកាន់ប្រឡាយមេទួលសំពៅ ទំលាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ នៅមហាវិថីឈ្នះឈ្នះ។ ការងារនេះក្រោមការយកចិត្តទុកដាក់និងណែនាំជាប់ជាប្រចាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនា សម្ព័ន្ធនានាក្នុងរដូវវស្សា ។
នេះបើតាមលោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ
លោកស្រីបានបន្តថា៖ កន្លងមករដ្ឋបាលខណ្ឌសែនសុខបានខិតខំស្តារប្រឡាយ តំបន់ភូមិសែនសុខ ប្រឡាយទទឹង ថ្ងៃមុខមន្ទីពេទ្យបង្អែក សែនសុខ ប្រវែង៥៣៨ម៉ែត្រ និងប្រឡាយបណ្តោយថ្ងៃប្រវែង១០៧០ម៉ែត្រ ក្នុងសង្កាត់ឃ្មួញ សរុបប្រវែង១៦០៨ម៉ែត្រ ដើម្បីនាំទឹកពីតំបន់ភូមិអន្លង់ក្ងាន ភូមិសំរោង ភូមិត្រពាំងរាំងចាស់ និងតំបន់ភូមិសែនសុខទាំង៧ ហូរទៅកាន់ប្រឡាយមេទួលសំពៅ ទំលាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ មហាវិថីឈ្នះឈ្នះ ។
លោកស្រីបានបន្ថែមទៀតថា៖ រដ្ឋបាលខណ្ឌសែនសុខ បានសហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំបពុងបន្តសកម្មភាពបូមស្តារអណ្តូងលូ និងសំអាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់ជោគជាំមកដល់ នៅផ្លូវ១៩២៨ ក្នុងសង្កាត់ភ្នំពេញថ្មី និងការងារ ស្តារប្រឡាយនៅខណ្ឌសែន សុខ។
ក្នុង នាម តំណាងឱ្យអាជ្ញាធរ មូលដ្ឋាន លោកស្រី អ្នកនាំពាក្យ សូមអំពាវ នាវឱ្យបងប្អូនប្រជាពលររដ្ឋនៅជាប់ប្រឡាយ និងផ្លូវនានាចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ដោយទុកដាក់សំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់ និងសោភណ្ឌភាពរាជធានីភ្នំពេញយើង៕. ដោយ សំរិត










