ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះធ្វើរដ្ឋបាលព្រមគ្នា កាលពីថ្ងៃអង្គារទី០២ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន៨២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន៤៧៨នាក់ ក្នុងនោះជនបរទេសពុំមានលិខិតឆ្លងដែនចំនួន១០នាក់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមការងារ មិនបានឃើញបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នោះឡើយ។
នេះបើតាមលោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ។
លោកស្រីបន្តថា៖រដ្ឋបាលខណ្ឌទាំង១៤ បានធ្វើចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះ សំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
លោកស្រីអ្នកនាំពាក្យ បានអះអាទៀតថា៖កន្លងមកនិងបន្តទៅមុខទៀតគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនៅតែជំរុញយ៉ាងម៉ឺងមាត់ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤បំពេញការងារព្រមៗគ្នាដោយប្ដេជ្ញាថាលុបបំបាត់ឱ្យអស់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួនទាំង ស្រុង។
លោកស្រីដោ សម្ផស្សបញ្ជាក់ទៀតថា៖ សរុបជារួមក្នុងប្រតិបត្តិការត្រួតពិនិត្យនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យទីតាំងសរុបបានចំនួន៨២ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន៤៧៨នាក់ ( ស្រី១៤២នា ក់ ) ពុំមានលិខិតឆ្លងដែនចំនួន១០នាក់។ ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះបានអនុវត្តការផាកពិន័យ ចំពោះម្ចាស់ឬអ្នកគ្រប់គ្រងទីតាំងរស់ នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ អនក្រ .បក ចុះថ្ងៃទី៥ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល មាត្រា២០ជំពូកទី៦ ស្ដីពីទណ្ឌកម្មបានផាកពិន័យសរុបចំនួន ៣ទីតាំងមនុស្សចំនួន៥នាក់គិតជាថវិកាសរុបបានចំនួន២០. ០០០.០០០រៀល (ម្ភៃលានរៀល )៕.ដោយ សំរិត










