ភ្នំពេញ៖ ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍន៏ប្រព័ន្ធដឹកជញ្ជូនតាមរថភ្លេីងអាកាស (Sky Train)នៅរាជធានីភ្នំពេញ ខណៈរាជធានីភ្នំពេញនៅប្រឈមទៅនឹងការកកស្ទះចរាចរណ៍ បើទោះបីសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណ:របស់រដ្ឋបាលរាជធានីភ្នំពេញបានដំណើរការយ៉ាងសកម្មក្តី។
លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានបញ្ជាក់បែបនេះខណៈ ឯកឧត្ដមទទួកជួប លោក វ៉ាង ហៃឈិន (WANG HAI CHEN) ទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុនសាងសង់ទីក្រុងប៉េកាំង តំណាងក្រុមហ៊ុន Beijing Urban Construction Group នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីសិក្សាគម្រោង ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នក នាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ការមកជួបសម្ដែងការគួរសមនេះ គឺក្រុមហ៊ុន Beijing Urban Construction Group មានបំណង ចង់សិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លេីងអាកាស (Sky Train)នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញស្វាគមន៍ ឲ្យក្រុមហ៊ុនធ្វើការសិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លេីងអាកាស (Sky Train)នៅរាជធានីភ្នំពេញ ដោយសារតែការងារពាក់ព័ន្ធនឹងប្រព័ន្ធចរាចរណ៍នេះ ជាចក្ខុវិស័យដែលយើងកំពុងព្យាយាមដោះស្រាយ ឲ្យកាន់តែល្អប្រសើរឡើង ខណៈដែលរាជធានីភ្នំពេញបាននឹងកំពុងប្រឈមទៅនឹងការកកស្ទះចរាចរណ៍ដែរនោះ៕. ដោយ សំរិត










