ខេត្តកណ្តាល៖ ដោយការគោរពប្រណិប័តយ៉ាងខ្ជាប់ខ្ជួនក្នុងព្រះពុទ្ធសាសនា លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ប្រព្រឹត្តទៅនៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈ ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ដែលជាបូជនីយដ្ឋានពុទ្ធសាសនា និងជាទីបដិបត្តិផ្នែកវិបស្សនាធុរៈរបស់ជាតិ ធំជាងគេនៅកម្ពុជា សម្រាប់ការផ្សព្វផ្សាយព្រះធម៌ រួមទាំងសម្រាប់រៀបចំកម្មវិធីបដិបត្តិវិបស្សនាទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។
ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតយ៉ាងឈ្លាសវៃរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី តែងតែលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងសាសនាផ្សេងៗទៀត ប្រកបដោយសុខដុមរមនា។
ជាក់ស្តែង សម្តេចបវរធិបតី រួមជាមួយលោកជំទាវបណ្ឌិត តែងចូលរួមពិធីបុណ្យពុទ្ធសាសនា បរិច្ចាគទាំងទាននិងថវិកាសម្រាប់គាំទ្រ និងទ្រទ្រង់ពុទ្ធសាសនានៅគ្រប់ទីកន្លែងទូទាំងប្រទេស ក៏ដូចជាសាសនាដទៃទៀតផងដែរ៕ដោយ៖តារា










