ខេត្តកំពង់ឆ្នាំង៖ ប្រុសស្រី២នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ បន្ទាប់ពីរថយន្តធុនធំមួយគ្រឿងបានជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកម៉ូតូជនរងគ្រោះពេញមួយទំហឹងចូលក្រោមរថយន្តកិនខ្ទេចសាកសព ។
ករណីគ្រោះថ្នាក់ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង៦ និង៤៥នាទីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅចន្លោះគីឡូម៉ែត្រលេខ៤៦-៤៧ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្ត ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ម្នាក់ឈ្មោះ វង់ ដារ៉ាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ និងស្រ្តីម្នាក់ទៀតឈ្មោះ ហិន ឌីណា អាយុ២៤ឆ្នាំ ជនរងគ្រោះទាំង២នាក់រស់នៅក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំ1D-4904 ។ ចំណែកឯរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកំពង់ធំ 3A-1393 ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តហ៊ីយ៉ាន់ដាយបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបើកក្នុងល្បឿនយ៉ាងលឿន និងបានបើកជែងរថយន្ត មួយគ្រឿងនៅពីមុខ ។ ក្នុងពេលកំពុងជែងរថយន្តដែលនៅខាងក៏មានរថយន្តមួយគ្រឿងទៀតធ្វើដំណើរច្រាស់ទិសគ្នា នៅក្នុងស្ថានភាពខាងលើបណ្តាលឲ្យរថយន្តហ៊ីយ៉ាន់ដាយបួងចង្កូតជ្រុល ទៅបុកម៉ូតូជនរងគ្រោះដែលកំពុងតែបើកច្រាស់ទិសគ្នា ពេញមួយទំហឹងចូលក្រោមរថយន្ត កិនស្លាប់ទាំង២នាក់តែម្តង ។
ក្រោយពេលកើតហេតុអ្នកបើកបរថយន្តបង្កបានចុះគេចខ្លួនបាត់ស្រមោលតែម្តង ៕
ដោយ៖ ចន្ថា