កំពង់ឆ្នាំង៖ មន្ត្រីជំនាញខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និងព្រមានអ្នកលក់សាច់សត្វម្នាក់ ដែលបន្លំសាច់ឆ្មា និងសត្វស្រុកមួយចំនួន ថាជាសត្វព្រៃ ដើម្បីបោកប្រាស់អតិថិជន។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទីម្សិលមិញ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧២-៧៣ ស្ថិតក្នុងភូមិអូរសណ្ដាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
តាមការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញថា មានតូបលក់សត្វចំនួន ៤តូប ប៉ុន្តែមានតែ ១តូបប៉ុណ្ណោះដែលបើកលក់។ ម្ចាស់តូបឈ្មោះ វង់ សម្ភស្ស ភេទស្រី មានលក់សត្វព្រាប ៣ក្បាល ឆ្មា ១ក្បាល និងសត្វពស់សង់សឿ ២ក្បាល (ងាប់ ១ រស់ ១)។
មន្ត្រីជំនាញបានបញ្ជាក់ថា ករណីនេះមានការបន្លំលក់សត្វចិញ្ចឹមជាសត្វព្រៃ ដែលអាចបង្កឲ្យអតិថិជនយល់ច្រឡំ។ ដូច្នេះ សមត្ថកិច្ចបានណែនាំឲ្យម្ចាស់តូបបញ្ឈប់សកម្មភាពបោកប្រាស់ និងគោរពតាមច្បាប់។
មន្ត្រីជំនាញខេត្តកំពង់ឆ្នាំងបានលើកឡើងទៀតថា នឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងអនុវត្តច្បាប់យ៉ាងតឹងរឹង លើការលក់ដូរសត្វព្រៃខុសច្បាប់ ក្នុងគោលបំណងការពារធនធានធម្មជាតិ និងការពារអតិថិជនពីការបោកប្រាស់ផងដែរ៕ជ្រោយពេជ្រ










