ភ្នំពេញ៖ សាលាឆាន់ របស់វត្តមហាមន្រ្តី បានបាក់ស្រុតទាំងស្រុង បន្ទាប់ពីមានស្នាមប្រេះស្រាំរយៈពេល៤ថ្ងៃ ត្រូវបានដួលរំលំកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញា ស្ថិតនៅវត្តមហាមន្រ្តី ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ព្រះសង្ឃមានព្រះនាម ភិក្កុ ពេជ្រ ប៉ន ព្រះជន៥៥វស្សា ជាគ្រូសូត្រឆ្វេងប្រចាំវត្តមហាមន្រ្តី មានថេរដីកាឲ្យដឹងថា ព្រះអង្គគង់នៅវត្តនេះ តាំងពីឆ្នាំ១៩៨៩ ។ កន្លងមកថ្មីៗនេះ ព្រះអង្គត្រូវបានបោះឆ្នាតចាត់តាំងជាគ្រូសូត្រឆ្វេងតាំងពីថ្ងៃ៣១ ខែសីហា ដោយអគារសាលាឆាន់(សាលាធម្មសកា) នេះមានទំហំ បណ្តោយ៣៦ម៉ែត្រ និងទទឹង២១ម៉ែត្រ បានកសាងតាំងពីឆ្នាំព.ស ២៥០២ ក្នុងគ.ស១៩៥៩ អស់ជាយូរឆ្នាំហើយ ។ នៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា នេះ ខណៈពេលពុទ្ធបរិស័ទចំណុះជើងវត្ត បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់ញ្ញាតិសន្តានដែលបានស្លាប់ទៅហើយ ស្រាប់តែឭសូរសំឡេងស្រិបៗ ហើយក៏ក្រឡេកមើល ឃើញមានស្នាមប្រេះ ចេញពីជញ្ជាំងនិងសសរ ធ្វើឲ្យពុទ្ធបរិស័ទនិងព្រះសង្ឃភ័យ ស្លន់ស្លោ ទើបព្រះសង្ឃប្រាប់ឲ្យពុទ្ធបរិស័ទ ជញ្ជូនរបស់របររត់ចេញទៅក្រៅ ដើម្បីជៀសវាងគ្រោះថ្នាក់កើតមានជាយថាហេតុ ។
ចាប់តាំងពីថ្ងៃនោះ ព្រះសង្ឃគង់នៅក្នុងវត្ត បានធ្វើជារបងនិងស្លាកសញ្ញាហាមឃាត់ មិនឲ្យចូលទៅជិតអគារសាលាឆាន់នេះទេ ព្រោះខ្លាចបាក់ស្រុតសង្កត់លើ ។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថា នៅយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ មេឃភ្លៀងស្ទើរពេញមួយយប់ គួបផ្សំនឹងអគារសាលាឆាន់ដែលប្រេះស្រាំផងនោះ បានបាក់ស្រុតធ្លុះធ្លាយអស់ទាំងស្រុងតែម្តង នៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញា តែមិនបណ្តាលឲ្យមានអ្នករងរបួសទេ ។ នៅក្នុងវត្តមហាមន្រ្តីបច្ចុប្បន្ននេះ មានព្រះសង្ឃគង់នៅចំនួន ៤៨៣អង្គ យាយជី តាជីចំនួន២៦នាក់ និងនិស្សិតដែលសុំស្នាក់អាស្រ័យ ជាង៣៧០នាក់ ។
ព្រះតេជគុណជាគ្រូសូត្រឆ្វេងបានបន្តទៀតថា អគារសាលាឆាន់បានបាក់បែកអស់ទៅហើយ ព្រះសង្ឃមិនមានបច្ច័យសម្រាប់កសាងថ្មីទេ សម្រាប់ថវិកាដែលត្រូវសាងសង់សាលាឆាន់នេះឡើងប្រមាណ ៦០ម៉ឺនដុល្លារ ៕
...
ដោយ៖ ស រស្មី