អន្តរជាតិ៖ តារាចម្រៀងល្បីលំដាប់ពិភពលោក Shakira បានបង្កើតកំណត់ត្រាថ្មីមួយទៀតនៅលើឆាកបាល់ទាត់ពិភពលោក ខណៈបទចម្រៀងផ្លូវការសម្រាប់ការប្រកួត 2026 FIFA World Cup របស់នាង មានអ្នកចូលទស្សនាវីដេអូលើសពី 100 លានដង មុនការប្រកួតបើកឆាកតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
តារាចម្រៀងសញ្ជាតិកូឡុំប៊ីវ័យ 49 ឆ្នាំរូបនេះ បានចេញផ្សាយបទចម្រៀងថ្មីមានចំណងជើង Dai Dai កាលពីពីរសប្តាហ៍មុន ដោយសហការជាមួយតារារ៉េប Burna Boy។ បទចម្រៀងនេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ខណៈចំនួនអ្នកទស្សនាត្រូវបានរំពឹងថានឹងបន្តកើនឡើងនៅពេលការប្រកួត World Cup ចាប់ផ្តើម។
ជាមួយនឹងការចូលរួមបង្កើតបទចម្រៀងសម្រាប់ World Cup ចំនួន 4 លើក Shakira ត្រូវបានចាត់ទុកថាជាតារាចម្រៀងជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតបាល់ទាត់ពិភពលោក។
Shakira ដែលមានកូនពីរនាក់ និងបានបែកបាក់ជាមួយអតីតកីឡាករបាល់ទាត់អេស្ប៉ាញ Gerard Piqué ក្នុងឆ្នាំ 2022 បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល 11 ឆ្នាំ។
បទចម្រៀង World Cup ដែលក្លាយជាប្រវត្តិសាស្ត្រ
ការភ្ជាប់ខ្លួនរបស់ Shakira ជាមួយ World Cup បានចាប់ផ្តើមនៅឆ្នាំ 2006 នៅប្រទេសអាល្លឺម៉ង់ នៅពេលនាងសម្តែងកំណែ Remix នៃបទល្បី Hips Don’t Lie មុនការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង អ៊ីតាលី និង បារាំង។
បួនឆ្នាំក្រោយមក នាងបានចេញបទចម្រៀងដ៏ល្បីល្បាញ Waka Waka (This Time for Africa) សម្រាប់ World Cup 2010 នៅ South Africa។
រហូតមកដល់បច្ចុប្បន្ន វីដេអូចម្រៀង Waka Waka មានអ្នកទស្សនាជាង 4.5 ពាន់លានដង ដែលធ្វើឱ្យវាក្លាយជាវីដេអូចម្រៀងមួយក្នុងចំណោម 20 វីដេអូចម្រៀងដែលមានអ្នកទស្សនាច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ YouTube។
នៅឆ្នាំ 2014 សម្រាប់ World Cup នៅ Brazil Shakira បានចេញបទ La La La ដែលមានអ្នកទស្សនាវីដេអូជាង 1.3 ពាន់លានដង។
ត្រៀមសម្តែងក្នុងកម្មវិធីសម្តែងពាក់កណ្តាលតង់ (Half-Time Show) ជាលើកដំបូង
ក្រៅពីការបញ្ចេញបទចម្រៀងផ្លូវការសម្រាប់ World Cup 2026 នាងក៏នឹងចូលរួមសម្តែងក្នុងកម្មវិធី Half-Time Show ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ World Cup ផងដែរ នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី 19 ខែកក្កដា។Shakira នឹងសម្តែងរួមជាមួយតារាចម្រៀងល្បី Madonna និងក្រុម K-Pop ដ៏ល្បី BTS៕










