អំពើហិង្សាកើតឡើងនៅ Charlotte បានបង្ហាញយ៉ាងច្បាស់ពីវិវាទរវាងប៉ូលិសនិងសហគមន៍ជនជាតិស្បែកខ្មៅនៅអាមេរិក ក្រោយពេលអាមេរិកបាញ់សម្លាប់បាតុករស្បែកខ្មៅម្នាក់។
បុរសជនជាតិស្បែកខ្មៅដែលស្លាប់នៅក្នុងអំពើហិង្សាកាលពីថ្ងៃទី២១ ខែកញ្ញា នៅទីក្រុង Charlotte រដ្ឋ North carolina អាមេរិក បង្ករឲ្យមានអំពើហិង្សាកាន់តែកើតឡើងខ្ពស់បង្ខំឲ្យប៉ូលិសត្រូវតែប្រើប្រាស់ឧស្មាន់បង្ហូទឹកភ្នែកនឹងបាញ់គ្រាប់កៅស៊ូបំបែកហ្វូងបាតុករ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ភាពអាសន្នបានប្រកាសនៅទីក្រុង Charlotte ស្នងការប៉ូលិស ទីក្រុងCharlotte លោក Kerr Putney បានបញ្ជាក់ពីបុរសស្បែកខ្មៅម្នាក់ត្រូវបាញ់សម្លាប់នៅក្នុងអំពើហិង្សាកាលពីថ្ងៃពុធកន្លងមក ប៉ុន្តែមិនបានបញ្ជាក់ថា ជនរង្គ្រោះមានចូលរួមធ្វើបាតុកម្មដែរឬទេ?។
បាតុកម្មក្លាយជាហិង្សាក្រោយពេលដែលបាតុកររាប់រយនាក់ប៉ះទង្គិចជាមួយប៉ូលិស ធ្វើឲ្យប៉ូលិសបាញ់គ្រាប់កៅស៊ូនិងឧស្មានបង្ហូទឹកភ្នែក។ ក្រុមបាតុករបានបាញ់កាំជ្រួចផ្កាភ្លើងនិងគប់ដុំថ្មទៅលើកម្លាំងប៉ូលិស ។ លើសពីនេះទៅទៀតបាតុករបានវាយបំផ្លាញហាងលក់ទំនិញនៅក្បែរនោះទៀតផង។
អំពើហិង្សាកើតឡើងនៅទីក្រុង Charlotte ជាថ្មីប្តងទៀតបង្ហាញឲ្យឃើញថា ប៉ូលិសនិងសហគមន៍ជនជាតិស្បែកខ្មៅ នៅតែមិនចុះសម្រុងនិងគ្នានៅតែប្រកាន់ពណ៌សម្បុរដដែល។ កាលពីថ្ងៃទី២០ ប៉ូលិសបានបាញ់សម្លាប់បុរសស្បែកខ្មៅ អាយុ៤៣ឆ្នាំ ឈ្មោះ Keith Scott ក្រោយពេលបុរសរូបនេះមិនព្រមប្រគល់កាំភ្លើងឲ្យប៉ូលិស។ ចំណែកគ្រួសារ Keith Scott បញ្ជាក់ថា នៅពេលដែលប៉ូលិសបាញ់នោះ Keith Scott មិនបានកាន់កាំភ្លើងឡើយគឺជាសៀវភៅមួយក្បាល។
លោក Blanche Penn សកម្មជនសហគមន៍ជនជាតិស្បែកខ្មៅនៅអាមេរិកបានបញ្ជាក់ថា យើងពិតជាហត់នឿយយ៉ាងខ្លាំង ទៅលើសកម្មភាពរបស់ប៉ូលិសបាញ់សម្លាប់ជនជាតិស្បែកខ្មៅ។ ទីក្រុង Charlotte ធ្លាប់តែស្ងប់ស្ងាត់ ពេលនេះយើងបានបំផ្លាញភាពស្ងប់ស្ងាត់ទាំងនោះ។
នៅក្នុងបាតុកម្មហិង្សានោះក៏បណ្តាលឲ្យប៉ូលិស ១៦នាករងរបួសផងដែរ។ ពេលនេះបាតុកម្មមិនត្រឹមតែកើតឡើងនៅទីក្រុង Charlotte ប៉ុណ្ណោះទេ គឺបានកើតឡើងនៅកន្លែងផ្សេៗទៀត ដូចជា Tulsa ក្នុងរដ្ឋ Oklahoma ផងដែរ ក្នុងគោលដៅទាមទាចាប់ខ្លួនប៉ូលិសដែលបានបាញ់សម្លាប់ជនជាតិស្បែកខ្មៅគ្មានអាវុធនៅក្នុងដៃ។
កាលពីថ្ងៃទី២១ ខែកញ្ញា ប្រធានាធិបតីអូបាម៉ា ក៏បានទូរស័ព្ទពិភាក្សាជាមួយអភិបាលក្រុង Charlotte និង Tulsa ផងដែរពីបញ្ហាខាងលើ។
ការប្រឈមមុខតានតឹងរវាងប៉ូលិស និងក្រុមជនជាតិស្បែកខ្មៅកើតឡើងតាំងពីពីរឆ្នាំមុន ក្រោយប៉ូលិសបាញ់សម្លាប់យុវជនម្នាក់ក្នុងទីក្រុង ហ្វឺហ្គូសិន ។ តាំងពីពេលនោះមកជនជាតិស្បែកខ្មៅ និងក្រុមប៉ូលិស មិនចុះសម្រុងនិងគ្នាឡើយ ដោយក្រុមជនជាតិស្បែកខ្មៅចាត់ទុកថា មានការរើសអើង៕
ប្រែសម្រួល៖ ម៉ែវ សាធី