ភ្នំពេញ៖ រថយន្តម៉ាក Ford Ranger មួយគ្រឿងបើកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តម៉ាកBYD បម្រុងនិងបត់ត្រឡប់ក្រោយ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៦:៣០នាទីយប់ថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក BYD ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BY-2039 ធ្វើដំណើរតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិសដៅពីលិចទៅកើត លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានបង្អង់ល្បឿន វាយស៊ីញ៉ូបម្រុងនិងបទឆ្វេងត្រឡប់ក្រោយវិញ ភ្លាមនោះដែរ ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក Ford Ranger ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2CF-7271 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកពីក្រោយរថយន្ត BYD ពេញទំហឹងរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ ។
ក្រោយកើតហេតុ ភាគីម្ចាស់រថយន្តទាំងសង្ខាងក៏បានសម្រួលគ្នាដែរតែមិនត្រូវ ក៏ត្រូវសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅមន្រ្តីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ










