ភ្នំពេញ៖ យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្លាំងបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងទទួលផលចោរកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នៅវេលាម៉ោងប្រមាណ ០២:៣០នាទី អាធ្រាត្រ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចផ្ទះជួល ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យទាំង ៥នាក់ រួមមាន៖
.ស្នា ដាវីត ហៅ វីត អាយុ ១៧ឆ្នាំ
.អៀន សិលា ហៅ ស្វា អាយុ ៤៥ឆ្នាំ
.សុខ គង់ ហៅ ម៉ាប់ អាយុ ២៨ឆ្នាំ
.ម៉ូវ វ៉ុន ហៅ តោ អាយុ ៤៤ឆ្នាំ
.សេង សីហា ហៅ ឡុង អាយុ ៤០ឆ្នាំ (អ្នកទទួលទិញ)
តាមការស្រាវជ្រាវ ជនសង្ស័យទាំងនេះពាក់ព័ន្ធនឹងករណីលួចម៉ូតូ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ នៅមុខប្រៃសនីយ៍កម្ពុជា សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ក្នុងការបង្ក្រាប សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូម៉ាក Honda Today ពណ៌ខ្មៅ ១គ្រឿង និងឧបករណ៍សម្រាប់កាច់សោរម៉ូតូចំនួនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ ត្រូវបាននាំទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ជ្រោយពេជ្រ










