ភ្នំពេញ៖ យោងតាមរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះថា៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៨៩ទីតាំង។ ជាលទ្ធផលក្រុមការងារបានចុះត្រួតពិនិត្យទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៥២០នាក់ (ស្រី ១៧៨នាក់) ក្នុងនោះជនបរទេសដែលស្នាក់នៅដោយពុំមានលិខិត ឆ្លងដែនមានចំនួន ៣នាក់។ ក្នុងចំណោម ៨៩ទីតាំងនេះ ក្នុងនោះក្រុមការងារបានពិនិត្យឃើញមានទីតាំងករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ០៣ករណី រួមមាន៖
*នៅផ្ទះលេខ១០៦ ផ្លូវលេខ៩ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បុរីពិភពថ្មី ផ្លូវជាតិលេខ៣ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន ៥នាក់ ព្រមទាំងសម្ភារមួយចំនួន។
*នៅផ្ទះលេខ០៧ ផ្លូវលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បុរីពិភពថ្មី ផ្លូវជាតិលេខ ៣ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន ៩នាក់ (ពុំមានលិខិត ឆ្លងដែន ៣នាក់) ព្រមទាំងសម្ភារមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
*អគារខុនដូ ដឺខាសហ្សល រ៉ូយ៉ាល់ (DE CASTLE ROYAL) ស្ថិតនៅអគារ៣៤ ផ្លូវ២៨៨ ភូមិ៣ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង នៅជាន់ទី១៣ (បន្ទប់លេខ១៣០៩) ជាន់ទី១១ (បន្ទប់លេខ១១០៩) ជាន់ទី៦ (បន្ទប់លេខ៦០៥) ដោយបានឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ ព្រមទាំងសម្ភារមួយចំនួន។
ជនសង្ស័យ និងសម្ភារត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។ ចំពោះទីតាំងផ្ទះ និងបន្ទប់ខាងលើ ក្រុមការងារបានសម្រេចបិទ ជាបណ្ដោះអាសន្ន។ ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន ៣ទីតាំង មនុស្សចំនួន ៨នាក់ គិតជាថវិកាសរុបបានចំនួន ៣២.០០០.០០០រៀល។
ដោយឡែកក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការរដ្ឋបាលខណ្ឌទាំងអស់សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ (ក.ប.ប) ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យទីតាំងឃ្លាំង និងសិប្បកម្មសង្ស័យបាននាំចូល ស្តុកទុក និងចែកចាយ ទំនិញ ត្រី សាច់ បង្កកគ្រប់ប្រភេទពីប្រទេសថៃ សរុបបានចំនួន ៥១ទីតាំង។ ក្នុងចំណោមទីតាំងទាំងអស់នេះ កម្លាំងចំរុះបានរកឃើញទីតាំងឃ្លាំង និងសិប្បកម្មចំនួន ៤កន្លែង នៅខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌជ្រោយចង្វារ ដែលមានស្តុកសាច់ និងប្រហិតចម្រុះគ្រប់ប្រភេទជាច្រើនមុខ ដែលបាននាំចូលពីប្រទេសថៃ។
ក្រោយប្រតិបត្តិការចប់ ក្រុមការងារបានសម្រេចបិទទីតាំងទាំងនោះបណ្តោះអាសន្ន និងបាននាំខ្លួនម្ចាស់ទីតាំងទាំងនោះមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕ដោយ៖តារា










