ប្រទេស​កម្ពុជា​ មានសមត្ថភាពផលិតសាច់ស្រស់គ្រប់គ្រាន់ ខណៈផលិតកម្មក្នុងស្រុកអាច​ផ្គត់ផ្គង់បាន ៩៨% លើទីផ្សារ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពី​សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា បានណែ​នាំឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការរឹតបណ្តឹងការនាំចូលសាច់បង្កកពីប្រទេសថៃ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ប្រធានសមាគមអ្នកចិញ្ចឹមសត្វ បាន​ធានា​អះអាង​ពី​សមត្ថភាព​ផលិតសាច់ស្រស់ពីសត្វនៅកម្ពុជា​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក​ដែល​មាន​ចំនួន ​៣៣៨ ពាន់តោន កាលពីឆ្នាំ២០២៥កន្លងទៅ។ ចំពោះ​ការអះអាងនេះដែរ ក៏ព្រោះតែ ផលិតកម្មសត្វ​ក្នុង​ស្រុកអាចផ្គត់ផ្គង់សាច់ បានរហូតដល់ ៩៨%នៃតម្រូវការសរុបនៅទូទាំងប្រទេស​​។​

យោងតាម​របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងឆ្នាំ​២០២៥ កន្លងទៅ តម្រូវ​ការសាច់ពីសត្វនៅកម្ពុជា​មានចំនួនសរុបជាង ៣៣៨,២៦ពាន់តោន​។​ ក្នុងនោះ សាច់គោ-ក្របី មានតម្រូវការ​ចំនួន ៩៣,៧១ពាន់តោន, សាច់ជ្រូកចំនួន ១៦៩,៦៨ពាន់តោន, សាច់​បក្សី​ចំនួន​ ៧៣,៣៦ពាន់តោន និងសាច់ចៀម-ពពែចំនួន ១ ៥០៩តោន។​

របាយ​ការណ៍ដែល​ បានបញ្ជាក់ទៀតថា ផលិតកម្ម​សត្វក្នុងស្រុកអាចផ្គត់ផ្គង់សាច់បានប្រមាណ ៣៣១,៥ពាន់តោន ស្មើនឹង ៩៨% នៃតម្រូវការសរុប ហើយក្រៅពីនោះ បរិមាណ​សាច់​ដែល​ខ្វះ​ខាត​ត្រូវ​បាននាំចូលពីបរទេសបមកបំពេញតម្រូវការបន្ថែមសម្រាប់ម្ហូបអាហារ និងធ្វើ​ជា​វត្ថុ​ធាតុ​ដើម​ផលិត​ចំណីសត្វលម្អ ដែលបាននាំចូលសាច់សរុបចំនួន ២៩ពាន់តោនប៉ុណ្ណោះ​។

បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានគាំទ្រពេញទំហឹង​ចំពោះ​វិធាន​ការ​របស់​រាជ​រដ្ឋាភិបាលក្នុងការរឹតបណ្តឹងការនាំចូលសាច់បង្កកពីប្រទេសថៃ ដែលវិធានការនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់​មកលើសុខភាពរបស់ប្រជាពលរដ្ឋ។ ពាក់ព័ន្ធ​នឹង​ការ​ផ្គត់​ផ្គង់​សាច់​សត្វ​ក្នុងស្រុក លោកបាន​ធានាការផ្គត់ផ្គង់​មិនឱ្យខ្វះខាត ដែលលោកជឿថា មិនចាំបាច់​នាំ​ចូល​សាច់​បង្កកពីប្រទេសជិតខាងនោះទេ​ ព្រោះផលិតផលក្នុងស្រុកអាចជំនួសបាន​។​ជាក់ស្តែង នៅ​រាជធានីភ្នំពេញ សមាជិករបស់​សមាគម អាចផ្គត់ផ្គង់សាច់សត្វ​​តាម​តម្រូវការ​ទីផ្សា​រ​បាន​គ្រប់​ចំនួន​ ដោយតម្រូវការ​សាច់ជ្រូក មានចំនួនប្រមាណ ៩ពាន់ក្បាលក្នុងមួយថ្ងៃ, សាច់មាន់​មាន​ត្រូវ​ការ​ប្រមាណ ២០ម៉ឺនក្បាល ក្នុងមួយថ្ងៃ ខណៈ ស៊ុតមាន់-ទា មានសម្រូវការសរុបប្រមាណ ១១​លាន​គ្រាប់​ក្នុងមួយថ្ងៃ ក្នុងនោះ ស៊ុតមាន់មានចន្លោះពី ៤ ទៅ ៥ លានគ្រាប់ និងស៊ុតទា ៦ ទៅ ៧ លានគ្រាប់។

បន្ថែមពីនេះ​ របាយការណ៍របស់ក្រសួងកសិកម្ម បាន​បង្ហាញទៀតថា តាមការវាយតម្លៃស្ថានភាពប្រចាំ​២០២៥ កន្លងមក ការបរិភោគសាច់សត្វនៅកម្ពុជាសម្រាប់មនុស្សម្នាក់​ក្នុងមួយ​ឆ្នាំ​ហូបសា​ច់​អស់​ជា​មធ្យម ១៨,៥គីឡូក្រាម​ ។ ក្នុងនោះ សាច់គោ-ក្របី មានចំនួន ៥,១៥គីឡូក្រាម, សាច់ជ្រូក​ចំនួន ៩,៣៥គីឡូក្រាម​, សាច់បក្សីចំនួន ៣,៩៥គីឡូក្រាម​ និងសាច់ចៀម-ពពែ មានចំនួន ០,០៥​គីឡូក្រាម៕ ដោយ​៖តារា​

...

រូបភាព​៖BTV​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print