ខេត្តតាកែវ ៖ លោក ទេព អស្នារិទ្ធ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ៖ បានជួបជាមួយក្មួយៗសិស្សានុសិស្សប្រមាណ ២ ០០០ នាក់ នៃវិទ្យាល័យជា ស៊ីម តាកែវ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមុិញក្នុង #យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហ៊ានទី២ ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លើកឡើងថា ៖ យុវសិស្ស បានស្វែងអំពីសារៈសំខាន់នៃការប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន ដូចជាFacebook, TikTok, Telegram ជាដើម ដើម្បីចែករំលែកចំណេះដឹង ការអប់រំ និងវប្បធម៌ល្អៗ ជំនួសឱ្យការចែកចាយព័ត៌មានដែលបង្កការរើសអើង ឬការស្អប់ខ្ពើម ។
លោកថា ៖ «ប្រសិនបើជួបព័ត៌មានមិនពិត ការផ្សាយបែបបំពុល ឬការក្លែងបន្លំដើម្បីឆបោក សូមកុំចែកចាយបន្ត ហើយត្រូវជួយណែនាំអ្នកជុំវិញខ្លួនឱ្យប្រុងប្រយ័ត្នពីល្បិចកលបោកប្រាស់នេះ។ បើឃើញព័ត៌មានក្លែងក្លាយ ត្រូវរួមគ្នាកាត់ផ្ដាច់ ដោយបញ្ឈប់ការចែកចាយត្រឹមដៃយើង! »
ព្រឹត្តិការណ៍ដែលត្រូវបានរៀបចំដោយមន្ទីរព័ត៌មានខេត្តតាកែវ មានការចូលរួមពីលោក ម៉ម កាយ អភិបាលរងខេត្ត តំណាង លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ តំណាងមន្ទីរអប់រំ យុវជន និងកីឡា រួមទាំងលោក-លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត លោកអភិបាល ក្រុងដូនកែវ កងកម្លាំងមានសមត្ថកិច្ចទាំង៣ប្រភេទ លោក-លោកស្រីចៅសង្កាត់ទាំង៣ លោកគ្រូ-អ្នកគ្រូ យុវជនកាយរឹទ្ធិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជន ស.ស.យ.ក. និងអ្នកសារព័ត៌មានក្នុងខេត្តផងដែរ។
យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែនប៊ុន រ៉ានីវត្តភ្នំ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ យុទ្ធនាការជំហានទី២នេះ បាន និងកំពុងធ្វើដំណើរទៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តតាកែវ និងបន្តទៅខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦នេះ៕
ដោយ ៖ សិលា










