តារាចម្រៀងអាមេរិកដ៏ល្បីល្បាញ Katy Perry បានរងការរិះគន់ពីអ្នកគាំទ្រជាច្រើន ក្រោយការសម្តែងរបស់នាងនៅពិធីមុនការប្រកួត FIFA World Cup 2026 លើកដំបូងនៅលើទឹកដីសហរដ្ឋអាមេរិក ត្រូវបានអ្នកទស្សនាមួយចំនួនចាត់ទុកថា «គួរឱ្យខកចិត្ត» និង «មិនសមនឹងព្រឹត្តិការណ៍ធំ»។
អ្នកគាំទ្រជាង 70,000 នាក់បានបំពេញពេញកីឡដ្ឋាន SoFi Stadium ក្នុងទីក្រុង Los Angeles មុនការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិអាមេរិក ហើយមនុស្សជាច្រើនរំពឹងថានឹងបានឃើញការសម្តែងដ៏កក្រើកពីម្ចាស់បទល្បី “California Gurls”។
ផ្ទុយទៅវិញ Perry បានសម្តែងត្រឹមតែមួយបទប៉ុណ្ណោះ គឺបទ “Wonder” ដែលជាបទចម្រៀងមិនសូវល្បីពីអាល់ប៊ុមរបស់នាងកាលពីពីរឆ្នាំមុន។
អ្នកគាំទ្រមួយចំនួនបានបង្ហាញការខកចិត្ត ដោយសារនាងមិនបានច្រៀងបទល្បីៗដូចជា I Kissed a Girl ឬ Firework ដែលធ្លាប់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន។
ការសម្តែងដែលធ្វើឡើងប្រមាណ ១០ នាទីមុនការប្រកួតចាប់ផ្តើម បានបញ្ចប់យ៉ាងឆាប់រហ័ស ខណៈ Perry បានចាកចេញពីឆាកភ្លាមៗ បន្ទាប់ពីច្រៀងចប់។
ក្នុងការសម្តែងនោះ នាងក៏បានចូលរួមជាមួយក្មេងប្រុសវ័យ ១០ ឆ្នាំ Tius Luka ដែលកំពុងល្បីល្បាញតាមបណ្តាញសង្គម ដោយសារការច្រៀង Cover បទចម្រៀងល្បីៗ។ សំឡេងដ៏មានទេពកោសល្យរបស់ Tius Luka បានទទួលការសរសើរយ៉ាងច្រើនពីអ្នកទស្សនាតាមទូរទស្សន៍ និងបណ្តាញសង្គម។
ពិធីបើកនៅ SoFi Stadium គឺជាពិធីបើកទី ៣ និងចុងក្រោយ ក្នុងចំណោមពិធីបើកទាំងបីរបស់ប្រទេសម្ចាស់ផ្ទះ World Cup 2026។
មុននេះ ការប្រកួតនៅកីឡាដ្ឋាន Estadio Azteca ប្រទេសម៉ិកស៊ិក បានទាក់ទាញការចាប់អារម្មណ៍ជាមួយការសម្តែងរបស់ J Balvin ខណៈនៅទីក្រុង Toronto តារាចម្រៀង Michael Bublé បានដឹកនាំពិធីបើកមុនការប្រកួតរវាងកាណាដា និងបូស្ន៊ី ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។
ទោះបីជាការសម្តែងរបស់ Katy Perry ទទួលបានមតិរិះគន់ខ្លាំងពីអ្នកគាំទ្រមួយចំនួនក៏ដោយ ប៉ុន្តែពិធីបើក World Cup នៅសហរដ្ឋអាមេរិកនៅតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនទូទាំងពិភពលោក៕










