ក្រុមជម្រើសជាតិ អូស្ត្រាលី បានបង្កការភ្ញាក់ផ្អើលក្នុងពូល D នៃព្រឹត្តិការណ៍ FIFA World Cup 2026 ដោយយកឈ្នះក្រុម តួកគីយ៉េ ក្នុងលទ្ធផល ២-០ កាលពីថ្ងៃសៅរ៍ ដើម្បីធ្វើឱ្យការវិលត្រឡប់មកកាន់ World Cup របស់តួកគីយ៉េជាលើកដំបូងក្នុងរយៈពេល ២៤ ឆ្នាំក្លាយជាការខកចិត្ត។
គ្រាប់បាល់ជ័យជម្នះរបស់អូស្ត្រាលីរកបានដោយ Nestory Irankunda និង Connor Metcalfe ខណៈខ្សែការពាររបស់ក្រុម អូស្ត្រាលី បានបង្ហាញទម្រង់លេងដ៏រឹងមាំ ដើម្បីទប់ស្កាត់ការវាយលុកជាបន្តបន្ទាប់ពីសំណាក់តួកគីយ៉េ។
Irankunda នៅអាយុ 20 ឆ្នាំនិង 125 ថ្ងៃបានផ្តួលកំណត់ត្រារបស់ Brett Holman ដែលបានស៊ុតបញ្ចូលទីជាមួយហ្គាណាក្នុងឆ្នាំ 2010 នៅពេលគាត់មានអាយុ 26 និង 84 ថ្ងៃ។
តួកគីយ៉េ ដែលវិលត្រឡប់មក World Cup ជាលើកដំបូងចាប់តាំងពីទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងឆ្នាំ ២០០២ បានដាក់ក្តីសង្ឃឹមយ៉ាងខ្លាំងលើតារាវ័យក្មេង Arda Guler អាយុ ២១ ឆ្នាំ ដើម្បីដឹកនាំការបង្កើតឱកាសវាយលុក។
Guler បានស៊ុតគ្រាប់ដំបូងនៅនាទីទី ៧ ប៉ុន្តែបាល់ហោះផុតទី ខណៈការស៊ុតដ៏គ្រោះថ្នាក់មួយទៀតនៅនាទីទី ២៧ ត្រូវបានអ្នកចាំទី Patrick Beach សង្គ្រោះបានយ៉ាងល្អ។
ផ្ទុយទៅវិញ អូស្ត្រាលីបានឆ្លៀតឱកាសរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព។ នៅនាទីទី ៣០ Irankunda បានរត់ប្រជែងយកបាល់ពីការបញ្ជូនរបស់ Paul Okon-Engstler មុនពេលកាត់ចូលក្នុង និងស៊ុតផុតដៃអ្នកចាំទី Ugurcan Cakir ដើម្បីបើកការនាំមុខ ១-០។
នៅតង់ទីពីរ តួរគីគ្រប់គ្រងបាល់បានច្រើនជាង និងបន្តដាក់សម្ពាធលើអូស្ត្រាលី ប៉ុន្តែមិនអាចទម្លុះខ្សែការពារដ៏មានវិន័យរបស់ក្រុម កង់គូរ៉ូ អូស្ត្រាលីបានឡើយ។
ខណៈតួកគីយ៉េកំពុងព្យាយាមស្វែងរកគ្រាប់បាល់តាមស្មើ អូស្ត្រាលីបានវាយបកយ៉ាងមានប្រសិទ្ធភាពនៅនាទីទី ៧៥ ដោយ Metcalfe ទទួលបានបាល់របូតមួយ មុនសម្រេចចិត្តស៊ុតពីចម្ងាយ ហើយបាល់បានលោតចូលសំណាញ់ទី ធ្វើឱ្យអូស្ត្រាលីនាំមុខ ២-០ និងបិទការប្រកួត។
លទ្ធផលនេះបានជួយឱ្យអូស្ត្រាលីឡើងឈរលេខ ២ ក្នុងពូល D តាមពីក្រោយក្រុម សហរដ្ឋអាមេរិក ដែលបានយកឈ្នះ ប៉ារ៉ាហ្គាយ ៤-១ ក្នុងការប្រកួតបើកឆាករបស់ពួកគេ៕










