គ្រូបង្វឹក និងខ្សែប្រយុទ្ធឆ្នើមអ៊ីរ៉ង់ ប្តេជ្ញាលេងដើម្បីនាំសេចក្តីរីករាយដល់ប្រជាជនអ៊ីរ៉ង់ទូទាំងពិភពលោក

ចែករំលែក៖

គ្រូបង្វឹកក្រុមជម្រើសជាតិ អ៊ីរ៉ង់ លោក Amir Ghalenoei និងខ្សែប្រយុទ្ធឆ្នើម Mehdi Taremi បានអះអាងថា ក្រុមជម្រើសជាតិអ៊ីរ៉ង់នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីនាំមកនូវសេចក្តីរីករាយ និងភាពរួបរួមជូនប្រជាជនអ៊ីរ៉ង់នៅទូទាំងពិភពលោក បើទោះបីជាក្រុមកំពុងប្រឈមនឹងស្ថានភាពលំបាកជាច្រើននៅក្រៅទីលានក៏ដោយ។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតបើកឆាកពូល G ទល់នឹងក្រុម នូវែលសេឡង់ នៅទីក្រុង Los Angeles កីឡាករ Mehdi Taremi បានថ្លែងថា៖ «យើងគោរពប្រជាជនអ៊ីរ៉ង់ទាំងអស់ ទាំងអ្នកដែលរស់នៅក្នុងប្រទេស និងអ្នកដែលរស់នៅក្រៅប្រទេស។ អ៊ីរ៉ង់គឺជាប្រទេសដែលមានភាពរួបរួមជាយូរមកហើយ ហើយយើងចង់បង្ហាញពីសាមគ្គីភាពនោះ។ យើងមកកាន់ World Cup ដើម្បីនាំសេចក្តីរីករាយដល់ប្រជាជនអ៊ីរ៉ង់គ្រប់ទីកន្លែង»។

ការលើកឡើងនេះធ្វើឡើងស្របពេលមានការតវ៉ាពីសហគមន៍ជនជាតិអ៊ីរ៉ង់-អាមេរិកមួយចំនួននៅតំបន់ Los Angeles ប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ ហើយគេរំពឹងថានឹងមានសកម្មភាពតវ៉ាទាំងនៅខាងក្រៅ និងក្នុងកីឡដ្ឋានអំឡុងពេលប្រកួត។

លោក Amir Ghalenoei បានបញ្ជាក់ថា ក្រុមរបស់លោកនឹងផ្តោតតែលើបាល់ទាត់ និងការនាំមកនូវសេចក្តីសប្បាយរីករាយដល់ប្រជាជនប៉ុណ្ណោះ។

«យើងធ្លាប់ស៊ាំនឹងការប្រែក្លាយភាពលំបាកទៅជាឱកាស។ យើងមិនគិតអ្វីក្រៅពីការនាំសេចក្តីរីករាយជូនប្រជាជនរបស់យើងទេ។ យើងនឹងខិតខំអស់ពីសមត្ថភាព ហើយអ្វីដែលនៅសល់គឺអាស្រ័យលើព្រះជាម្ចាស់»។

ក្រុមអ៊ីរ៉ង់ក៏កំពុងជួបបញ្ហាផ្នែកដំណើរផងដែរ ដោយពួកគេត្រូវស្នាក់នៅក្នុង ម៉ិកស៊ិក រវាងការប្រកួតនីមួយៗ បន្ទាប់ពីអាជ្ញាធរ សហរដ្ឋអាមេរិកមិនអនុញ្ញាតឱ្យក្រុមស្នាក់នៅលើទឹកដីអាមេរិកក្រៅថ្ងៃប្រកួត និងបានដាក់កម្រិតលើបុគ្គលិកក្រុមមួយចំនួនក្នុងការធ្វើដំណើរ។

ទោះបីជាយ៉ាងណា គ្រូបង្វឹក និងកីឡាកររបស់អ៊ីរ៉ង់ទទួលស្គាល់ថា ភាពតានតឹងជុំវិញការចូលរួម World Cup លើកនេះ បានធ្វើឱ្យបរិយាកាសដែលធ្លាប់មានភាពសប្បាយរីករាយក្លាយជារឿងពិបាកសម្រាប់ទាំងកីឡាករ និងអ្នកគាំទ្រ។

អ៊ីរ៉ង់មិនធ្លាប់ឆ្លងផុតវគ្គចែកពូលក្នុងប្រវត្តិសាស្ត្រ World Cup ឡើយ ហើយក្រៅពីការប្រកួតជាមួយនូវែលសេឡង់ ពួកគេក៏ត្រូវជួបក្រុម អេហ្ស៊ីប និងក្រុមខ្លាំង បែលហ្សិក ផងដែរ។

...

គ្រូបង្វឹក Ghalenoei បានបង្ហាញក្តីសង្ឃឹមថា សហគមន៍ជនជាតិអ៊ីរ៉ង់ដ៏ធំបំផុតនៅក្រៅប្រទេស ដែលរស់នៅទីក្រុង Los Angeles នឹងមកគាំទ្រក្រុមជម្រើសជាតិរបស់ពួកគេ។ គាត់ថ្លែងថា «ខ្ញុំរីករាយដែលពួកគេនឹងមកទស្សនាការប្រកួត។ ខ្ញុំសង្ឃឹមថាពួកគេនឹងអធិស្ឋាន និងលើកទឹកចិត្តយើង ហើយយើងនឹងតបស្នងវិញដោយការប្រកួតដ៏ល្អមួយ»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print