ភ្នំពេញ៖ ក្រោមបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់ចុះត្រួត ពិនិត្យទីតាំងឃ្លាំងតូចធំ សង្ស័យ ក្នុងមូលដ្ឋានសរុបចំនួន ១២កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលមានប្រភពពីប្រទេសថៃនិងមាន១៧មុខបាននាំចូលមកពីប្រទេសថៃ បច្ចុប្បន្នកំពុងកសាឯកសារបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេ ដើម្បីបន្ដនិតិវិធី ផ្លូវច្បាប់ ។
នេះបើតាមការបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ថា៖ តាមរយៈប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំងចំនួន១ ស្ថិតនៅផ្ទះលេខ ៣៥២ ផ្លូវ ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាឃ្លាំងស្តុកទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ជាច្រើនប្រភេទ សរុបចំនួន ១.៦៤៧ កេស ស្មើនឹង ១៤.៦៣៨,៥គីឡូក្រាម នាំចូលពីបរទេស ក្នុងនោះ ការិយាល័យ ក.ប.ប រាជធានីភ្នំពេញ បានរកឃើញទំនិញចំនួន ១៧មុខ ជាទំនិញនាំចូលពីប្រទេសថៃ និងមានទំនិញចំនួន ២មុខ គឺ ទឹកតែអូអ៊ិឈិ ចំនួន៣៤កេស និងទឹកវីតាមីន Blue ចំនួន ៤កេស ហួសកាលបរិច្ឆេទប្រើប្រាស់។
ក្រោយការត្រួតពិនិត្យ ក្រោមការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង កម្លាំងចម្រុះបានសម្រេចបិទឃ្លុំទីតាំងនេះបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីផ្លូវច្បាប់ ។
នៅថ្ងៃដដែលនេះដែរ រដ្ឋបាលខណ្ឌទាំង១៤ ក៏បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណា ក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោស សម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន ៨៨ទីតាំង ដោយមិនមានរកឃើញបទ ល្មើសអ្វីនោះទេ។
លោកស្រី អ្នកនាំពាក្យក៏បាន បញ្ជាក់ បថា លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ ក៏ បាន ណែនាំ និង ដាក់ បទបញ្ជា យ៉ាង ម៉ឺងម៉ាត់ ដល់ លោក អភិបាលខណ្ឌ ទាំង ១៤ ត្រូវ បន្ត ចុះ ត្រួតពិនិត្យ ទីតាំង ឃ្លាំងស្តុក ទំនិញ ឬ ផលិតផល បង្កក នៅក្នុង ដែន សមត្ថកិច្ច របស់ ខ្លូន ដែល សង្ស័យ អាចមាន ប្រភព នាំចូល ពី ប្រទេស ថៃ ឱ្យ បាន ម៉ត់ចត់ ក្នុង ករណី រកឃើញ ត្រូវ សួរនាំ ឱ្យ បាន លម្អិត ថា អ្នកណា ជា អ្នកនាំចូល ? ចូល តាម ច្រក ណា? ខេត្ត ណា? មាន អជ្ញាបណ្ណនាំចូលឬ ទេ? ហើយ អ្នកណា ជាអ្នក ដឹក ជញ្ជូន ?។ ឯកឧត្ដម អភិបាល បានសង្កត់ធ្ងន់ថា កិច្ចការ ទាំង អស់ នេះ រដ្ឋបាល ខណ្ឌ ទាំង ១៤ ត្រូវ តែ បន្តត្រួតពិនិត្យ ព្រមៗគ្នា ជាមួយ នឹង ការងារ ចុះប្រតិបត្តិការ បោស សម្អាត បទល្មើស ឆបោក តាម ប្រព័ន្ធ បច្ចេកវិទ្យា Online Scams ដោយ មិនត្រូវ រាថយ ដាច់ ខាត៕. ដោយ សំរិត










