អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សហការជាមួយកងកម្លាំង សមត្ថកិច្ចចម្រុះ ព្រមទាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យជាក់ស្តែងនៅទីតាំង ផ្ទះគ្មានលេខ ផ្លូវគ្មានលេខ ភូមិធ្លក សង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ ១.ឈ្មោះ ភុត ប៊ុនហម ភេទ ប្រុស អាយុ៤៦ឆ្នាំ ២.ឈ្មោះ ហម ម៉ារ៉ាណែត ភេទស្រី អាយុ២៣ឆ្នាំ និង៣.ឈ្មោះ ហ៊ុន គីមសួរ ភេទស្រី អាយុ ៣៩ឆ្នាំ ដកហូតបានវត្ថុតាងជាសរសៃកែងមាន់សាច់បង្កកមួយចំនួន ដែលបាននាំចូលមកពីប្រទេសថៃ ដោយពុំមាន ការអនុញ្ញាត និងការបង់ពន្ធត្រឹមត្រូវនោះទេ។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង៣នាក់ខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិ វិធីច្បាប់។ ចំណែកឯបក្ខពួកផ្សេងទៀតដែលគេចខ្លួនពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុង ស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជន សង្ស័យទាំង៣នាក់ខាងលើ និងបក្ខពួក ពីបទ៖ ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារដែលមានសភាពប្រែ ប្រួលខូចគុណភាព ឬមានជាតិពុល ឬផលិតផលមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្ត្រ ឬអនាម័យ បទ៖ក្លែងបន្លំដើមកំណើតទំនិញ និងបទ៖ការនាំចូលទំនិញដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុច ទីតាំងផ្ទះគ្មានលេខ ផ្លូវគ្មានលេខ ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ១៨ និងមាត្រា ៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផល ទំនិញ និងសេវា មាត្រា ៣១ នៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងមាត្រា ៧៥ នៃច្បាប់ស្តីពីគយ៕ជ្រោយពេជ្រ










