ទុយនេស៊ីបណ្តេញគ្រូបង្វឹក ក្រោយចាញ់ស៊ុយអែត 5-1 នៅ World Cupហើយ តែងតាំង Herve Renard ជំនួសភ្លាមៗ

ចែករំលែក៖

សហព័ន្ធកីឡាបាល់ទាត់ទុយនេស៊ី (FTF) បានប្រកាសបណ្តេញគ្រូបង្វឹក Sabri Lamouchi ចេញពីតំណែង និងតែងតាំងគ្រូបង្វឹកជនជាតិបារាំង Herve Renard ជាអ្នកស្នងតំណែង បន្ទាប់ពីក្រុមជម្រើសជាតិទុយនេស៊ីរងបរាជ័យយ៉ាងធ្ងន់ធ្ងរ 5-1 ក្រោមថ្វីជើងក្រុម ស៊ុយអែត ក្នុងការប្រកួតបើកឆាក FIFA World Cup 2026 នៅទីក្រុង Monterrey ប្រទេសម៉ិកស៊ិក។

Lamouchi ក្លាយជាគ្រូបង្វឹកដំបូងគេដែលត្រូវបានបណ្តេញចេញពីតំណែងក្នុងអំឡុងការប្រកួត World Cup ឆ្នាំនេះ។ លោកត្រូវបានតែងតាំងកាលពីខែមករា ដោយមានកិច្ចសន្យារហូតដល់ឆ្នាំ 2028 ប៉ុន្តែបានបញ្ចប់តួនាទីមុនពេលកំណត់ ខណៈទុយនេស៊ីនៅសល់ការប្រកួតក្នុងពូលជាមួយក្រុម ជប៉ុន នៅថ្ងៃសៅរ៍ និង ហូឡង់ នៅថ្ងៃទី 25 ខែមិថុនា។

ក្រោមការដឹកនាំរបស់ Lamouchi ទុយនេស៊ីឈ្នះបានតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម 5 ប្រកួតចុងក្រោយ ដោយយកឈ្នះហៃទី1-0 កាលពីខែមីនា ខណៈចាញ់ អូទ្រីស 1-0 និងរងបរាជ័យយ៉ាងចាស់ដៃ 5-0 ក្រោមថ្វីជើងក្រុមប៊ែលហ្សិក ក្នុងការប្រកួតកម្តៅសាច់ដុំមុន World Cup។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះលើបណ្ដាញសង្គម FTF បានបញ្ជាក់ថា លោក Renard នឹងដឹកនាំក្រុមរហូតដល់បញ្ចប់យុទ្ធនាការ World Cup ឆ្នាំ 2026។

FTF បានបន្ថែមថា៖ «កិច្ចព្រមព្រៀងនេះក៏បានកំណត់ឱ្យមានការចរចាបន្ថែមក្រោយបញ្ចប់ World Cup ដើម្បីពិចារណាលើភាពជាដៃគូរយៈពេលវែង ដោយផ្អែកលើគោលដៅកីឡាជាក់លាក់»។

សារព័ត៌មានរដ្ឋទុយនេស៊ី Television Tunisienne បានរាយការណ៍ថា Renard នឹងធ្វើដំណើរមកដល់ទីក្រុង Monterrey នៅថ្ងៃអង្គារ ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិភ្លាមៗ។

Renard គឺជាគ្រូបង្វឹកដែលមានបទពិសោធន៍ខ្ពស់ ដោយធ្លាប់ឈ្នះពានរង្វាន់ Africa Cup of Nations ចំនួនពីរលើក។ នៅ World Cup 2022 នៅប្រទេសកាតារ លោកបានដឹកនាំក្រុម អារ៉ាប់ប៊ីសាអូឌីត ឱ្យបង្កការភ្ញាក់ផ្អើលដ៏ធំមួយ តាមរយៈជ័យជម្នះលើក្រុមម្ចាស់ជើងឯកពិភពលោកក្នុងវគ្គចែកពូល។

បន្ទាប់មក លោកបានទៅដឹកនាំក្រុមនារីជម្រើសជាតិ បារាំងក្នុងការប្រកួត FIFA Women’s World Cup 2023 និងព្រឹត្តិការណ៍ Paris 2024 Olympic Games មុនពេលត្រឡប់ទៅដឹកនាំអារ៉ាប៊ីសាអូឌីតវិញ និងជួយក្រុមឱ្យឆ្លងទៅកាន់ World Cup ជាលើកទី 3 ជាប់ៗគ្នា។

ការមកដល់របស់ Renard ត្រូវបានគេរំពឹងថានឹងផ្តល់កម្លាំងចិត្តថ្មីដល់ទុយនេស៊ី ខណៈក្រុមកំពុងព្យាយាមស្ដារមុខមាត់ និងរក្សាក្តីសង្ឃឹមឆ្លងទៅវគ្គបន្ទាប់នៅ World Cup 2026៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print