ម៉ាឌ្រីដ៖ ក្លឹបយក្សអេស្ប៉ាញ Real Madrid បានប្រកាសជាផ្លូវការនៅថ្ងៃពុធថា បានចុះហត្ថលេខានាំយកខ្សែបម្រើព័រទុយហ្គាល់ Bernardo Silva មកចូលរួមក្រុមដោយគ្មានតម្លៃផ្ទេរ បន្ទាប់ពីកីឡាកររូបនេះបានផុតកិច្ចសន្យាជាមួយ Manchester City។
Silva វ័យ 31 ឆ្នាំ បានចូលរួមជាមួយ Manchester City ពីក្លឹប AS Monaco កាលពីឆ្នាំ 2017 និងបានបង្ហាញខ្លួនសរុប 460 ប្រកួតក្នុងរយៈពេល 9 ឆ្នាំនៅទឹកដី Etihad Stadium។
អំឡុងពេលលេងឱ្យ City គេបានរួមចំណែកឈ្នះពានរង្វាន់ធំៗជាច្រើន រួមមាន៖
Premier League 6 លើក
FA Cup 3 លើក
League Cup 5 លើក
UEFA Champions League 1 លើក។
នៅក្នុងសេចក្តីប្រកាសរបស់ Real Madrid បានបញ្ជាក់ថា៖
«Real Madrid CF និង Bernardo Silva បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលនឹងធ្វើឱ្យកីឡាកររូបនេះក្លាយជាសមាជិករបស់ក្លិបសម្រាប់រយៈពេល 2 រដូវកាល រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2028»។
ក្រៅពីអាជីពក្លឹប Silva ក៏ជាកីឡាករសំខាន់របស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ផងដែរ ដោយបានបង្ហាញខ្លួនចំនួន 109 ប្រកួត និងជួយក្រុមឈ្នះពាន UEFA Nations League ចំនួន 2 លើក។
Bernardo Silva ត្រូវបានគេស្គាល់ថាជាកីឡាករដែលមានសមត្ថភាពលេងបានច្រើនតួនាទី មានបច្ចេកទេសខ្ពស់ និងការខិតខំប្រឹងប្រែងលើទីលាន។ គាត់គឺជាកីឡាករស្នូលម្នាក់ក្រោមការដឹកនាំរបស់ លោក Pep Guardiola នៅ Manchester City ហើយត្រូវបានគេរំពឹងថានឹងនាំយកបទពិសោធន៍ដ៏មានតម្លៃមកកាន់តំបន់បម្រើរបស់ Real Madrid។
ការមកដល់របស់ Silva គឺជាផ្នែកមួយនៃការពង្រឹងក្រុមរបស់ Real Madrid បន្ទាប់ពីរដូវកាល 2025-26 ដ៏ខកចិត្ត ដែលពួកគេបាត់បង់ជើងឯក LaLiga និងត្រូវធ្លាក់ចេញពី UEFA Champions League ត្រឹមវគ្គ 8 ក្រុមចុងក្រោយ។
កាលពីដើមសប្តាហ៍នេះ Real Madrid ក៏បានចុះហត្ថលេខានាំយកខ្សែការពារឆ្វេងអេស្ប៉ាញ Marc Cucurella ពី Chelsea ផងដែរ៕










