បើកបរ​មិន​ប្រកាន់​ស្តាំ បង្កជាសោកនាដកម្ម ម៉ូតូ៣ គ្រឿង​បុក​បន្តកន្ទុយ​គ្នា ស្លាប់ ២​នាក់ និង​របួស ៣​នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង​៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បាន​កើតឡើង​ទាំង​កណ្តាលអធ្រាត្រ បណ្តាល​ឱ្យ មនុស្ស ២​នាក់​បាន​បាត់បង់​ជីវិត និង ៣​នាក់​ទៀត​រង​របួសស្រាល ក្នុង​ហេតុការណ៍​ម៉ូតូ ៣​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង នៅ​លើ​ផ្លូវ​ខេត្ត​លេខ​៦៤​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១ និង ៥៦ នាទី យប់​ថ្ងៃ​ទី​១៧ ខែមិថុនា​ឆ្នាំ​២០២៦ ត្រង់​ចំណុច​កងចក្រ ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​។

តាម​របាយការណ៍​ពីនគរបាល​ច​រាចរណ៍​ផ្លូវគោក ខេត្តស្ទឹងត្រែងឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​១គ្រឿង​ម៉ាក Honda Winner ពណ៌​ខ្មៅគ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ យុវជន​ឈ្មោះ សាយ រី​យ៉ា អាយុ​២១​ឆ្នាំ ក្នុង​ទិស​ដៅ​ពី​ជើងទៅ​ត្បូង​។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ដោយសារ ការបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​មិន​ប្រកាន់​ស្តាំ ក៏​បាន​ទៅ​គៀ​ម៉ូតូ​១គ្រឿង​ម៉ាក Honda Dream ស៊េរី​ឆ្នាំ១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ត្បូងឃ្មុំ 1A-5677 បើកបរ​ដោយ​នារី​ម្នាក់​ឈ្មោះ ចាន់ លី​តា អាយុ ១៩​ឆ្នាំ ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស ទិស​គ្នា​។ ភ្លាម​ៗ​នោះ​ម៉ូតូបង្ក​បាន​បន្ត​ទៅ​បុក​យ៉ាង​ពេញ ទំហឹង​ជាមួយ​ម៉ូតូ​១គ្រឿង​ទៀត ម៉ាក Honda Beat ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1IP-1974 បើកបរ​ដោយ​បុរស​ឈ្មោះ ប៊ុត ស៊ី សុវណ្ណ​ច​ន្ទ្រា អាយុ ៣៤​ឆ្នាំ ដែល​កំពុង ធ្វើ​ដំណើ​រ​ស្រប​ទិស​គ្នា​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​នេះ​បាន​បណ្តាល​ឱ្យ​១. យុវជន​បើកបរ​ម៉ូតូ​បង្ក (Honda Winner) ឈ្មោះ សាយ រី​យ៉ា ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅកន្លែង​កើតហេតុ​,២. បុរស​បើកបរ​ម៉ូតូ Honda Beat ឈ្មោះ ប៊ុត ស៊ី សុវណ្ណ​ច​ន្ទ្រា បាន​រង​របួសធ្ងន់ និង​បាន​ស្លាប់​បាត់បង់​ជីវិត​ជា​អកុសល ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង​និង៣. នារី​បើកបរ​ម៉ូតូ Honda Dream និង​អ្នក​រួម​ដំណើរ ២​នាក់​ទៀត​សរុប ៣​នាក់ បាន​រង​របួសស្រាល​។ ចំណែកឯ​មធ្យោបាយ​ធ្វើដំណើរ​ទាំង ៣​គ្រឿង រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ២​គ្រឿង និង​ស្រាល ១​គ្រឿង​។

បច្ចុប្បន្ន វត្ថុ​តាង​ម៉ូតូ​ទាំង ៣​គ្រឿង ត្រូវ​បាន​កម្លាំង​ជំនាញ​ចរាចរណ៍​ផ្លូវគោក យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​បន្ត​នីតិវិធី​ដោះ​ស្រាយ​តាម​ច្បាប់​។

យោង​តាម ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ការ​បើកបរ​ប្រកាន់​ស្តាំ (​មាត្រា ១២)៖​អ្នកបើកបរ​យានយន្ត​គ្រប់​រូប ត្រូវ​តែ​បើកបរ​នៅ​ខាងស្តាំ​នៃ​ទិស​ដៅ​ធ្វើ​ដំណើរ​របស់​ខ្លួន​។ ការ​បើកបរ​រំលោភ​គន្លង​ផ្លូវ​ទៅ​ខាងឆ្វេង ឬ​មិន​ប្រកាន់​ស្តាំ មិន​ត្រឹមតែ​ជា​ការ​បំពាន​ច្បាប់ ដែល​ត្រូវ​រង​ការ​ផាកពិន័យ​នោះ​ទេ ប៉ុន្តែ​វា​ជា​មូលហេតុ​ចម្បង​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​បុក​ទង្គិច​គ្នា​ដោយ​ចំ​ពីមុខ ដែល​តែងតែ​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ធ្ងន់ធ្ងរ​។

...

មន្ត្រីជំនាញ​បាន​សង្កត់ធ្ងន់​ថា ការ​បើកបរ​នៅ​ពេល​យប់ ទាមទារ​ឱ្យ​មានការ​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​ទ្វេ​ដង ពីព្រោះ​ទិដ្ឋភាព​មើលឃើញ​មាន​កម្រិត​។ អ្នកបើកបរ​ត្រូវ​តែ​បន្ថយល្បឿន​ឱ្យ​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ស្រប​តាម​ស្ថានភាព​ផ្លូវ និង​ពន្លឺ​។ យានយន្ត​ដែល​ធ្វើ​ដំណើរ​លើ​ផ្លូវថ្នល់ ត្រូវ​តែ​មាន​ចុះបញ្ជី និង​ពាក់​ផ្លា​ក​លេខ​សម្គាល់​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ងាយ ស្រួល​ក្នុង​ការ​គ្រប់គ្រង និង​កំណត់​អត្តសញ្ញាណ​ពេល​មាន​បទល្មើស ឬ​គ្រោះថ្នាក់​កើតឡើង​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print