ខ្សែប្រយុទ្ធកូតឌីវ័រ Elye Wahi ត្រូវបានបដិសេធមិនឱ្យចូលប្រទេសកាណាដា មុនជំនួបប៉ះអាល្លឺម៉ង់

ចែករំលែក៖

ខ្សែប្រយុទ្ធជម្រើសជាតិកូតឌីវ័រ Elye Wahi ត្រូវបានអាជ្ញាធរកាណាដាបដិសេធមិនឱ្យចូលប្រទេស ដើម្បីចូលរួមការប្រកួត World Cup វគ្គចែកពូលជាមួយក្រុមជម្រើសជាតិ អាល្លឺម៉ង់ នៅថ្ងៃសៅរ៍នេះ។

ខ្សែប្រយុទ្ធរបស់ក្លិប OGC Nice វ័យ 23 ឆ្នាំរូបនេះ ត្រូវបានរាយការណ៍ថា ត្រូវបានចាប់ខ្លួនកាលពីខែមុន ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើករណី «រៀបចំលទ្ធផលការប្រកួតជាមុន (spot-fixing)»  នៅក្របខណ្ឌ Ligue 1 របស់បារាំង។

Wahi ត្រូវបានចោទប្រកាន់ថា មានចេតនាទទួលកាតលឿងក្នុងការប្រកួតរវាង Nice និង Metz កាលពីខែឧសភា ដែលអាចអនុញ្ញាតឱ្យអ្នកភ្នាល់ទទួលបានផលចំណេញតាមទីផ្សារភ្នាល់កីឡា។

សហព័ន្ធបាល់ទាត់កូតឌីវ័រ (FIF) បានបញ្ជាក់ថា ខ្លួនមិនទាន់ទទួលបានការជូនដំណឹងជាផ្លូវការណាមួយអំពីនីតិវិធីច្បាប់ ឬរដ្ឋបាលប្រឆាំងនឹង Wahi នោះទេ ប៉ុន្តែបានអះអាងថា កីឡាកររូបនេះមិនអាចទទួលបានការអនុញ្ញាតចាំបាច់សម្រាប់ការចូលទឹកដីកាណាដាបានឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ FIF បានបញ្ជាក់ថា៖ «មកដល់ពេលនេះ សហព័ន្ធមិនទាន់ត្រូវបានជូនដំណឹងជាផ្លូវការអំពីនីតិវិធីតុលាការ ឬរដ្ឋបាលណាមួយដែលពាក់ព័ន្ធនឹង Elye Wahi ទេ។ យើងបន្តគាំទ្រ និងមានទំនុកចិត្តលើគាត់ ហើយគាត់នៅតែជាកីឡាករសំខាន់ម្នាក់របស់ក្រុមជម្រើសជាតិកូតឌីវ័រ»។

សហព័ន្ធក៏បានបញ្ជាក់ថា Wahi នឹងស្នាក់នៅសហរដ្ឋអាមេរិក រង់ចាំក្រុមត្រឡប់មកវិញ បន្ទាប់ពីបញ្ចប់ការប្រកួតនៅកាណាដា។

យោងតាមការិយាល័យអយ្យការក្រុង Marseille ការចាប់ខ្លួននេះធ្វើឡើងក្នុងក្របខណ្ឌនៃការស៊ើបអង្កេតលើបទចោទ «ការក្លែងបន្លំជាក្រុម អំពើពុករលួយក្នុងវិស័យកីឡា ការលាងលុយកខ្វក់ និងការទទួលផលប្រយោជន៍ពីបទល្មើស»។

បន្ទាប់ពីការសាកសួរ Wahi ត្រូវបានដោះលែងវិញ ខណៈការស៊ើបអង្កេតនៅតែបន្ត។

គួរបញ្ជាក់ថា Wahi គឺជាកីឡាករទីពីរនៅ World Cup 2026 ដែលត្រូវបានបដិសេធមិនឱ្យចូលប្រទេសកាណាដា បន្ទាប់ពី Thomas Partey របស់ក្រុមជម្រើសជាតិហ្គាណា ក៏ត្រូវបានបដិសេធទិដ្ឋាការផងដែរ ដោយសារតែកំពុងប្រឈមមុខនឹងនីតិវិធីព្រហ្មទណ្ឌនៅចក្រភពអង់គ្លេស។

...

ការអវត្តមានរបស់ Wahi គឺជាការបាត់បង់ដ៏សំខាន់សម្រាប់កូតឌីវ័រ ខណៈពួកគេត្រៀមប្រកួតជាមួយអាល្លឺម៉ង់នៅទីក្រុង Toronto មុននឹងត្រូវជួបក្រុម គូរ៉ាសៅ នៅទីក្រុង Philadelphia ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print