ពិធីការិនីទូរទស្សន៍អាហ្សង់ទីនលាលែងពីតំណែង ក្រោយផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការស្លាប់របស់ឪពុក Lionel Messi

ចែករំលែក៖

ពិធីការិនីទូរទស្សន៍ជនជាតិអាហ្សង់ទីន Florencia Pena បានប្រកាសលាលែងពីតំណែង បន្ទាប់ពីនាងបានផ្សព្វផ្សាយព័ត៌មានមិនពិតថា ឪពុករបស់កំពូលខ្សែប្រយុទ្ធ Lionel Messi បានទទួលមរណភាព អំឡុងពេលការប្រកួតបើកឆាករបស់អាហ្សង់ទីននៅព្រឹត្តិការណ៍ World Cup 2026។

ក្នុងអំឡុងការផ្សាយផ្ទាល់តាមប៉ុស្តិ៍ Luzu TV ក្រោយជ័យជម្នះ 3-0 របស់អាហ្សង់ទីនលើអាល់ហ្សេរី Pena បានអះអាងថា Jorge Messi ឪពុករបស់ Lionel Messi បានទទួលមរណភាពភ្លាមៗនៅកណ្ដាលព្រឹត្តិការណ៍ World Cup។

ព័ត៌មាននេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្ដាញសង្គម មុនពេល Pena ចេញមកបញ្ជាក់ថា ព័ត៌មានដែលនាងបាននិយាយនោះមិនទាន់មានការផ្ទៀងផ្ទាត់ជាផ្លូវការនោះទេ។

ក្រោយមក ក្រុមគ្រួសារ Messi បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា លោក Jorge Messi អាយុ 68 ឆ្នាំ កំពុងទទួលការព្យាបាលសុខភាព និងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រុមគ្រូពេទ្យ ខណៈស្ថានភាពរបស់លោកកំពុងមានភាពប្រសើរឡើង។ គ្រួសារក៏បានអំពាវនាវឱ្យសាធារណជនគោរពភាពឯកជនក្នុងអំឡុងពេលដ៏លំបាកនេះផងដែរ។

បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំង Pena បានចេញលិខិតសុំទោសជាសាធារណៈ ដោយទទួលស្គាល់ថា នាងបានជឿទុកចិត្តលើព័ត៌មានដែលត្រូវបានផ្តល់ឱ្យក្នុងអំឡុងការផ្សាយផ្ទាល់ ដោយគិតថាវាត្រូវបានផ្ទៀងផ្ទាត់រួចរាល់។

នាងបានសរសេរលើបណ្ដាញសង្គមថា៖

«ខ្ញុំសូមអភ័យទោសដល់គ្រួសារ Messi។ ខ្ញុំមានអារម្មណ៍អាម៉ាស់យ៉ាងខ្លាំងចំពោះកំហុសនេះ។ ទោះបីព័ត៌មាននោះត្រូវបានផ្តល់ឱ្យខ្ញុំថាជាព័ត៌មានដែលបានផ្ទៀងផ្ទាត់រួចក៏ដោយ ខ្ញុំនៅតែទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើង ហើយនោះជាមូលហេតុដែលខ្ញុំសម្រេចចិត្តបញ្ចប់ការងាររបស់ខ្ញុំនៅ Luzu TV»។

ជាមួយគ្នានេះ Luzu TV ក៏បានចេញសេចក្តីសុំទោសជាផ្លូវការ និងប្រកាសចាត់វិធានការវិន័យចំពោះអ្នកពាក់ព័ន្ធ ដោយបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានរសើបដោយគ្មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ គឺមិនអាចទទួលយកបានឡើយ។

លោក Nicolas Occhiato ដែលជាពិធីករ និងផលិតករកម្មវិធី បាននិយាយថា ស្ថាប័នរបស់ខ្លួននៅតែប្តេជ្ញាចិត្តចំពោះសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ ការគោរព និងភាពត្រឹមត្រូវខ្ពស់។

ហេតុការណ៍នេះកើតឡើងក្រោយពេល Messi រកបាន Hat-trick ក្នុងជ័យជម្នះ 3-0 លើអាល់ហ្សេរី។ ខ្សែប្រយុទ្ធវ័យ 38 ឆ្នាំរូបនេះ បានបង្ហាញអារម្មណ៍រំជួលចិត្តក្នុងការប្រកួត និងបានលើកឡើងក្រោយចប់ការប្រកួតថា លោកបានឆ្លងកាត់ «ថ្ងៃដ៏លំបាក» មួយចំនួន ដោយសារហេតុផលផ្ទាល់ខ្លួនដែលមិនពាក់ព័ន្ធនឹងបាល់ទាត់។

ការផ្សាយព័ត៌មានមិនពិតនេះ បានបង្កឱ្យមានប្រតិកម្មខ្លាំងនៅទូទាំងប្រទេសអាហ្សង់ទីន ដោយអ្នកគាំទ្រជាច្រើនបានរិះគន់ចំពោះការខ្វះការផ្ទៀងផ្ទាត់ព័ត៌មាន មុននឹងយកមកផ្សព្វផ្សាយជាសាធារណៈ។

ប្រធានាធិបតីអាហ្សង់ទីន Javier Milei ក៏បានថ្កោលទោសករណីនេះផងដែរ ដោយហៅវាថា «ព័ត៌មានសំរាម» និងចាត់ទុកថាជាសកម្មភាពគ្មានការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានមួយចំនួន។

...

សម្រាប់ការប្រកួតបន្ទាប់ ក្រុមជម្រើសជាតិអាហ្សង់ទីន នឹងត្រូវជួបក្រុមអូទ្រីស នៅថ្ងៃចន្ទ ខណៈ Messi និងក្រុមកំពុងបន្តដំណើរប្រជែងការពារតំណែងជើងឯកពិភពលោករបស់ខ្លួន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print