ខេត្តកំពង់ស្ពឺ៖ កម្លាំងមន្ត្រីបរិស្ថានដែលជាអ្នកស្គាល់ភូមិសាស្ត្រច្បាស់ កំពុងសហកាជាមួយកម្លាំងនគរបាល អាវុធហត្ថ កម្លាំងប្រជាការពារ រួមទាំងអាជ្ញាធរមូលដ្ឋាន និងសាច់ញាតិ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ បន្តស្វែងរកគ្រប់ច្រកល្ហក ជុំវិញបរិវេណដែលយុវជនម្នាក់បានផ្លុងម៉ូតូចោល បន្តឈានទៅស្វែងរកទីជ្រៅៗបន្តទៀត នៅលើភ្នំគិរីរម្យ បន្ទាប់ពីមានការប្រទះឃើញម៉ូតូ១គ្រឿងនិងសំបុត្រ១ច្បាប់ទុកចោល កាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
តាមមន្ត្រីបរិស្ថានបានប្រាប់ថា ការប្រទះឃើញម៉ូតូក្នុងចន្លោះម៉ោង ៣៖៣០នាទីរសៀល ក្នុងនោះមានម៉ូតូ១ គ្រឿងម៉ាក ADV ពាក់ផ្លាកលេខភ្នំពេញ 1LE- 9373 និងមួកសុវត្ថិភាពនៅជាប់កញ្ចក់ គ្មានម្ចាស់ ស្ថិតនៅចំណុចផ្លូវលំបំបែកជាបី ទៅក្រុមហ៊ុនវីរៈប៊ុនថាំ រមណីយដ្ឋានទេសចរណ៍ ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើរំបន់ឧទ្យានជាតិគីរីរម្យ ហើយបានរាយការណ៍ទៅអធិការនគរបាលស្រុកភ្នំស្រួច មកពិនិត្យ។
ក្រោយការឆែកក្នុងម៉ូតូ កម្លាំងសមត្ថកិច្ចរកឃើញមានសម្ភារជាប់ម៉ូតូ នៅក្រោមកែបម៉ូតូមាន កាបូបស្ពាយពណ៌ខ្មៅ១ និងកាបូបយួរពណ៌ក្រហម១ កូនកាបូបដាក់ លុយពណ៌ខ្មៅ១ ស្បែកជើងប៊ូពណ៌ខ្មៅ ១គូម៉ាកLV ខ្សែក្រវ៉ាត់ពណ៌ខ្មៅ១ ទូរស័ព្ទ១គ្រឿង ម៉ាកIPhone ពណ៌ស អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក ឈ្មោះ គន់ សុខហេង ភេទប្រុស កើតថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៩៦ មានទីលំនៅបច្ចុប្បន្ន ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងនោះក៏មានសំបុត្រសសៀវភៅ១សន្លឹកសរសេររៀបរាប់ ដែលមានន័យថា «បើអ្នកបានឃើញសំបុត្រនេះមានន័យថា ខ្ញុំបានស្លាប់ហើយ សូមបងជួយយកម៉ូតូនេះឲ្យបងប្អូនខ្ញុំផង។ សោខ្ញុំទុក និងម៉ូតូហើយ ខ្ញុំសូមអរគុណបង សូមជួយតេរកបងប្អូនខ្ញុំផង បងរុំ 0886552007 ប្អូនរឹត 081836536 សុំទោសដែលធ្វើឲ្យបងពិបាក មានវីដេអូក្នុងទូរស័ព្ទដែលជាការសម្រេចចិត្តចុងក្រោយបែបនេះ ម៉ូតូហ្នឹងមាន GPS គេអាចរកឃើញ ពីខ្ញុំ សុខហេង រួមមានសម្ភារៈខោអាវមួយចំនួនទៀត»។
អ្នកសាព័ត៌មានបានទាក់ទងទៅកាន់សាច់ញាតិផ្ទាល់ លោក រឹត ដែលត្រូវជាប្អូនម្ចាស់ម៉ូតូ ដោយគាត់បានលើកឡើងថា គាត់ និងម្ចាស់ម៉ូតូមិនបានរស់ជាមួយគ្នាទេ ពោលគឺគាត់រស់នៅផ្សេង ចំណែកបងប្រុសម្ចាស់ម៉ូតូគាត់នៅលីវ ដូច្នេះរឿងបងគាត់ទុកលំបាកអីគាត់មិន បានដឹងឡើយ។
មន្ត្រីបរិស្ថាន និងសមត្ថកិច្ចចម្រុះ កំពុងតែបន្ដស្វែងរកម្ចាស់សំបុត្រ ដោយស្ថានភាពមេឃភ្លៀង និងយប់ងងឹតការរុករកមិនឃើញនៅឡើយទេ ក្នុងរយៈពេល២ថ្ងៃនេះ៕











