ម៉ាឡេស៊ីឡើង 8 ចំណាត់ថ្នាក់ក្នុងសន្ទស្សន៍ប្រកួតប្រជែងសេដ្ឋកិច្ចពិភពលោក ឆ្នាំ 2026

ចែករំលែក៖

ម៉ាឡេស៊ី បានឡើងដល់ចំណាត់ថ្នាក់ទី 15 ពិភពលោក ក្នុង សន្ទស្សន៍ប្រកួតប្រជែងសេដ្ឋកិច្ចពិភពលោក IMD ឆ្នាំ 2026 ដោយកើនឡើង 8 ចំណាត់ថ្នាក់ បើធៀបនឹងឆ្នាំមុន និងជាលទ្ធផលល្អបំផុតរបស់ប្រទេសនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

យោងតាម វិទ្យាស្ថានអន្តរជាតិសម្រាប់ការអភិវឌ្ឍគ្រប់គ្រង (IMD) ដែលបានចេញផ្សាយរបាយការណ៍នេះកាលពីថ្ងៃព្រហស្បតិ៍ ការកើនឡើងនៃចំណាត់ថ្នាក់របស់ម៉ាឡេស៊ី គឺដោយសារការរីកចម្រើននៅគ្រប់សសរស្តម្ភសំខាន់ទាំង 4 នៃការវាស់វែងសមត្ថភាពប្រកួតប្រជែង។

ក្នុងចំណោមសសរស្តម្ភទាំងនោះ ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ 4 ពិភពលោកផ្នែកសមិទ្ធផលសេដ្ឋកិច្ច (Economic Performance) ខណៈ ប្រសិទ្ធភាពរដ្ឋាភិបាល (Government Efficiency) បានកើនឡើង 11 ចំណាត់ថ្នាក់ មកឈរនៅលេខ 14។

ចំណែក ប្រសិទ្ធភាពអាជីវកម្ម (Business Efficiency) បានកើនឡើង 16 ចំណាត់ថ្នាក់ មកដល់លេខ 16 ខណៈ ហេដ្ឋារចនាសម្ព័ន្ធ (Infrastructure) ក៏បានប្រសើរឡើង 2 ចំណាត់ថ្នាក់ មកឈរនៅលេខ 33។

សម្រាប់សូចនាកររងៗ សេដ្ឋកិច្ចក្នុងស្រុករបស់ម៉ាឡេស៊ីបានកើនឡើង 4 ចំណាត់ថ្នាក់ មកលេខ 11 ខណៈវិស័យពាណិជ្ជកម្មអន្តរជាតិបានឡើងមួយចំណាត់ថ្នាក់ មកលេខ 5 ពិភពលោក។

ជាពិសេស ការវិនិយោគអន្តរជាតិបានបង្ហាញការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយឡើង 7 ចំណាត់ថ្នាក់ មកឈរនៅលេខ 19។

សន្ទស្សន៍ IMD World Competitiveness Ranking វាយតម្លៃសេដ្ឋកិច្ចចំនួន 70 ជុំវិញពិភពលោក ដោយផ្អែកលើកត្តាសំខាន់ 4 រួមមាន៖

សមិទ្ធផលសេដ្ឋកិច្ច (Economic Performance)

ប្រសិទ្ធភាពរដ្ឋាភិបាល (Government Efficiency)

ប្រសិទ្ធភាពអាជីវកម្ម (Business Efficiency)

ហេដ្ឋារចនាសម្ព័ន្ធ (Infrastructure)

គួរបញ្ជាក់ថា ម៉ាឡេស៊ីបានបន្តបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំមុន ប្រទេសនេះបានឡើង 11 ចំណាត់ថ្នាក់ មកឈរនៅលេខ 23 ក្នុងចំណោមសេដ្ឋកិច្ច 69 ប្រទេស បន្ទាប់ពីជាប់លេខ 34 ក្នុងចំណោម 67 ប្រទេស កាលពីឆ្នាំ 2024។

...

ការកើនឡើងជាបន្តបន្ទាប់នេះ បង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចម៉ាឡេស៊ី ក៏ដូចជាការកែលម្អបរិយាកាសវិនិយោគ និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យសាធារណៈ និងឯកជននៅលើឆាកអន្តរជាតិ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print