ភ្នំពេញ÷ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចំនួន៣រូប កាលពី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លូនជនបរទេសសរុបចំនួន១៩នាក់ លើសំណុំរឿង៣ករណីផ្សេងៗគ្នា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនោះមានជនជាតិវៀតណាម ៦នាក់ និងចិន១៣នាក់។
ករណីទី១ ៖ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោកសាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជភ្នំពេញនៅថ្ងៃទី២០ ខែមិថុនាបានឱ្យដឹងថា ជនត្រូវចោទជាជនជាតិវៀតណាមមាន៦នាក់ រួមមានៈ
១.ឈ្មោះ Nguyen Xuan troung ភេទប្រុស ២.ឈ្មោះ Mai van binh ភេទប្រុស ៣.ឈ្មោះ Pham duy Quang ភេទប្រុស ៤ .ឈ្មោះ Pham troung kien ភេទប្រុស ៥.ឈ្មោះ Phamduc duc ភេទប្រុស និង៦.ឈ្មោះ Tran van dat ភេទប្រុស។
ជនជាតិវៀតណាមទាំងនេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ “ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការរៀបចំជាក្រុមនិងមានការចាត់តាំង។ បទល្មើសនេះបានប្រព្រឹត្តឡើងនៅចំណុចអគារលេខអូឡាំព្យា៉ C4 សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រព្រឹត្តបទល្មើសក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។
ករណីទី២៖ លោកព្រុំ ម៉ូនីន ចៅក្រមស៊ើបសួរសាលាដំបូងរាជភ្នំពេញបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនជាតិចិនចំនួន៨រូប ក្នុងនោះទី១ .ឈ្មោះ Hang ming Liang ភេទប្រុស ២.ឈ្មោះ Chen xiang ភេទប្រុស ៣.Xu qiu peng ភេទប្រុស ៤.ឈ្មោះ liao changhao ភេទប្រុស ៥.ឈ្មោះ Chen qian ភេទប្រុស ៦.ឈ្មោះ Liang Chun hua ភេទប្រុស ៧.ឈ្មោះ Zhang jia mei ភេទស្រី និង៨.ឈ្មោះ Yang yuan ភេទប្រុស។
ជនជាតិចិនទាំង៨នាក់នេះ ត្រូវចោទប្រកាន់ពីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានស្ថានទម្ងន់ទោស ដោយ មានការរៀបចំជាក្រុមមានការចាត់តាំង (ក្រោមរូបភាពលួងលោមបញ្ឆោតដើម្បីអូសទាញជនរងគ្រោះដាក់ប្រាក់ចូលរួមវិនិយោគក្លែងក្លាយ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ ១៨ប (បុរីអរម៉ូរីសែនសុខ) ស្ថិតនៅផ្លូវលេខ ០៣ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចំណុចបន្ទប់លេខ ៨៤១៨ ជាន់ទី៤ (សណ្ឋាគាររ៉ូសហ្គាឌិន អ៊ិនធើណេសិនណល) ស្ថិតនៅផ្លូវលេខ ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីអំឡុងដើមឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។
ករណីទី៣៖ លោក សុខ ឧត្តម ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនត្រូវចោទចំនួន៥នាក់ ទី១.ឈ្មោះ .WEN JIAN ZU ភេទប្រុស ជនជាតិចិន ២ ឈ្មោះ .CHEN NIANJIAN ភេទប្រុស ជនជាតិចិន ទី៣ ឈ្មោះ.QIN JUNKAI ភេទប្រុស ជនជាតិចិន ទី៤ ឈ្មោះ .OU HENG JIANG ភេទប្រុស ជនជាតិចិន និងទី៥ឈ្មោះ.QIN BAO DE ភេទប្រុស ជនជាតិចិន។
ក្រុមនេះប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ១៥ (បុរីពិភពថ្មី អាស៊ីអាគ្នេយ៍ ផ្លូវណតប្រ៊ឺត) ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។
ជារួមជនត្រូវចោទទាំង១៩នាក់ខាងលើ ត្រូវបានចោទប្រកាន់តាមបញ្ញត្តិ មាត្រា៥ កថាខណ្ឌ៣ ចំណុច១ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ បច្ចុប្បន្ននេះ ត្រូវបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំ កែប្រែទី១(ម១) និងមណ្ឌលអប់រំកែប្រែទី២ (ម២)។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបានអនុម័តកាលពីថ្ងៃទី៦ និងប្រកាសដាក់ឱ្យប្រើចាប់ពីថ្ងៃទី៧ខែខែមេសា ឆ្នាំ២០២៦មក ជនល្មើសនឹងច្បាប់នេះ ប្រឈមនឹងការជាប់ ពន្ធនាគារខ្ពស់បំផុត១ជីវិត និងពិន័យជាប្រាក់ ដល់ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ ៕










