ខេត្តបន្ទាយមានជ័យ៖ កសិករម្នាក់បានភ្ញាក់ផ្អើល ខណៈកំពុងភ្ជួរដីស្រែរបស់ខ្លួន នៅភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ កប់នៅក្នុងដី កាលពីរសៀលម្សិលមិញ។
ភ្លាមៗក្រោយពេលរកឃើញ គាត់បានរាយការណ៍ទៅក្រុមស្រាវជ្រាវ និងកម្ទេចគ្រាប់របស់អង្គការ HALO Trust ដោយក្រុមជំនាញបានចុះពិនិត្យ និងរកឃើញបន្ថែមថា នៅក្បែរនោះមានរណ្តៅមួយទៀត ដែលផ្ទុកគ្រាប់មិនទាន់ផ្ទុះ។
អាជ្ញាធរបានបញ្ជាក់ថា ការរាយការណ៍ភ្លាមៗរបស់កសិករនេះ គឺជាគំរូល្អ និងជួយការពារជីវិត ព្រមទាំងទ្រព្យសម្បត្តិ ពីគ្រោះថ្នាក់អាចកើតមានបានគ្រប់ពេល។
ជាមួយគ្នានេះ អាជ្ញាធរមីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ថា បើប្រទះឃើញមីន ឬគ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម ឬវត្ថុសង្ស័យផ្សេងៗ សូមកុំប៉ះពាល់ កុំផ្លាស់ទី ឬកែច្នៃដោយខ្លួនឯង ព្រោះអាចបង្កគ្រោះថ្នាក់ដល់ជីវិតបានភ្លាមៗ។
សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ឬក្រុមជំនាញតាមលេខទូរស័ព្ទ៖
012 800 473
011 38 39 37
097 489 5600
066 612 613
063 96 34 99
ការប្រុងប្រយ័ត្ន និងរាយការណ៍ទាន់ពេលវេលា គឺជាគន្លឹះសំខាន់ក្នុងការពារជីវិតពីគ្រោះថ្នាក់មីន និងសំណល់សង្គ្រាម៕ជ្រោយពេជ្រ










