នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋក្រីក្រ៨៤គ្រួសារនៅនិរោធ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមការងារអនុសាខាកាកបាទ ក្រហមខណ្ឌច្បាអំពៅ បាននាំយក អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រដល់លំនៅដ្ឋាន ចំនួន ៨៤គ្រួសារនៅសង្កាត់និរោធ ដឹកនាំដោយលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ លោកអ៊ំ ម៉ារ៉េត ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ, លោករស់ សុភ័ក្ត អភិបាលរងខណ្ឌ ,លោក ថេង សុថុល អភិបាលរងខណ្ឌ និងមានការចូលរួមពីមន្ត្រី ក្រុមការងារជាច្រើនអ្នកទៀត ។

លោកញាណ ច័ន្ទសោភា នាយករងរដ្ឋបាលសាលាខណ្ឌបានប្រាប់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅថ្ងៃនេះក្នុង១គ្រសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ថវិការ៣ម៉ឺនរៀល និង សម្ភារមួយចំនួនទៀត ។ អំណោយទាំងនេះជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ហើយត្រូវបានក្រុមការងារយកមកចែកជូនប្រពលរដ្ឋទីទ័លក្រនៅតាមបណ្តាសង្កាត់ទាំង៨ នៅខណ្ឌច្បារអំពៅ ដោយឡែកនៅសង្កាត់និរោធត្រូវបានលោកអភិបាលខណ្ឌដឹកនាំក្រុមការងារចុះដល់លំនៅដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។

សកម្មភាពមនុស្សធម៌នាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រដល់លំនៅដ្ឋាននេះដែរលោកអ៊ាង ស៊ីផាន ប្រធាន គណៈ កម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដូច្នេះថា អំណោយទាំងនេះថ្វីត្បិតតែមិនបានសមប្រកបទៅតាមការចង់បានរបស់បងប្អូនក៏ដោយ តែបានសម្រាល ការលំបាកមួយរយៈពេល ។ ជានិច្ចកាលក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ  គ្រួសារក្រីក្រ គ្រួសាររងគ្រោះដោយអគ្គិភ័យ  អ្នកបាត់បង់ទីជម្រក និងប្រជាពលរដ្ឋនូវបញ្ហាប្រឈមនានាក្នុងសង្គម  និយាយរួមប្រកាន់ខ្ជាប់ នូវគោលការណ៍របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។

លោកអភិបាលបានបន្តថា សកម្មភាពមនុស្សធម៌ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រនេះអនុសាខាកាកបាទក្រហមខណ្ឌបានធ្វើជាបន្តបន្ទាប់នៅគ្រប់សង្កាត់ទាំង៨  ប៉ុន្តែសល់ប្រជាពលរដ្ឋក្រីក្រ មួយចំនួនទៀតមិនទាន់បានទទួលនៅឡើយ ហើយសុំអោយបងប្អូនមានការយោគយល់  ក្រុមការងារនិងយកទៅប្រគល់ ជូននៅពេលខាងមុខ ព្រោះសកម្មភាពចែកអំណោយនេះមិនអាចធ្វើឡើងតែម្តងនោះទេ  គឺធ្វើទៅដំណាក់កាល  ទោះជាយ៉ាងណា ក៏ដោយអនុសាខាកាកបាទក្រហមមិនទុកឲ្យបងប្អូនស្លាប់ដោយអត់បាយឡើយ ៕

sondos-10 sondos-8 sondos-4 sondos-1 sondos-7 sondos-2 sondos-9 sondos-5 sondos-3

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print