ខេត្តកណ្តាល៖ ក្រោមការចង្អុលបង្ហាញផ្ទាល់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពី ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នង ការរង ព្រមទាំងដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តម សេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសិប្បកម្មផលិតបារីក្លែង ក្លាយចំនួន ២កន្លែង ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង ១១៖០០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ។
ប្រតិបត្តិការដ៏ធំនេះ ធ្វើឡើងដោយមានការចូលរួមពីកម្លាំងនាយកដ្ឋានអន្តរាគមន៍, នាយកដ្ឋានការពារ និងកម្លាំងនគរបាលខេត្តកណ្តាល ដោយមានការសម្របសម្រួលនីតិវិធីពី លោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារង។
លទ្ធផលនៃការបង្ក្រាប រួមមាន៖ ទីតាំងទី១នៅសង្កាត់ស្វាយរលំ រកឃើញ និងដកហូតបារីក្លែងបន្លំម៉ាកល្បីៗជាច្រើនប្រភេទនិងទីតាំងទី២ សង្កាត់សិតត្បូ រកឃើញបារីក្លែងក្លាយម៉ាកល្បីៗជាច្រើនដូចជា Marlboro, Winston, Gold Mount, JPS Classic, Tobacco Gauses, Canyon និងម៉ាកផ្សេងៗជាច្រើនទៀត។
សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៥នាក់រួមមានមេការ និងកម្មករដើម្បីនាំយកមកសាកសួរចម្លើយ។ វត្ថុតាងខុសច្បាប់ទាំងអស់ត្រូវបានសមត្ថកិច្ចដកហូត និងបិទស្តង់ដារ (បិទសៀ) ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កម្លាំងសមត្ថកិច្ចក្រោមឱវាទអគ្គស្នងការនគរបាលជាតិ នឹងបន្តធ្វើការស្រាវជ្រាវ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទដោយគ្មានការលើកលែង ដើម្បីការពារសុខសុវត្ថិភាព និងសុខភាពរបស់ប្រជាពលរដ្ឋ៕










