ខេត្តកំពង់ស្ពឺ÷ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ ទោ សាវ សុភក្តី អធិការនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី២២ខែ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង០៩និង៣០នាទី នៅចំណុចភូមិច្រកពពូល ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ មានករណីវៃសោរទ្វាផ្ទះយកម៉ូតូមួយកើតឡើង ។
មន្ត្រីនគរបាលស្រុកសាមគ្គីមុន្នីជ័យបានឲ្យដឹងថាករណី នេះបង្កឡើងដោយជនសង្ស័យ០១នាក់ឈ្មោះ ប៉ុន សុផាន់ ភេទប្រុស ២៤ឆ្នាំ រស់នៅភូមិតាំងតាឡាត់ ឃុំព្នាយ ស្រុកសំរោងទង បានធ្វើសកម្មភាពយកដែកថ្នាំងអំពៅ ០១ដើម ទៅវាយសោរទ្វាផ្ទះ លួចយកម៉ូតូ០១គ្រឿងម៉ាក សង់C125 សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ ដែលជនរងគ្រោះបានទុកនៅក្នុងផ្ទះ។
រីឯជនរងគ្រោះ ឈ្មោះ បឿន រ៉ាវី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិច្រកពពូល ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៨និង០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្នាយ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរហើយបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពយកដែកថ្នាំងអំពៅវាយសោរផ្ទះ លួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។
ដកហូតវត្ថុតាង:-ម៉ូតូ០១គ្រឿង ម៉ាកសង់C125 សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ ,ដែកថ្នាំងអំពៅ០១ដើម,ដុំថ្ម ០១ដុំ,សោ០១គ្រាប់ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យដើម្បីកសាង សំណុំរឿងចាត់ការតាមនីតិវិធីបន្ត៕










