ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយជួបហេតុការណ៍ឆក់ចរន្តអគ្គិសនី ខណៈកំពុងបំពេញ ការងារមួយនៅក្នុងមូលដ្ឋាន។
បើតាមព័ត៌មានបឋម ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅភូមិកំប្រើស ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូន និងប្រជាពលរដ្ឋនៅក្បែរនោះ ជួយអន្តរាគមន៍ដឹកបញ្ជូនតាមរថយន្តទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះជីវិត។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ករណីនេះបណ្តាលមកពីការឆក់ខ្សែភ្លើង ប៉ុន្តែមូលហេតុលម្អិត និងស្ថានភាពជនរងគ្រោះនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។
សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ កំពុងចុះពិនិត្យ និងស្រាវជ្រាវបន្ថែម ដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃហេតុការណ៍នេះ។
សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់អគ្គិសនី និងការងារដែលពាក់ព័ន្ធនឹងចរន្តភ្លើង ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕










