ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ចុះសហការជាមួយកម្លាំងចម្រុះបានចុះស្រាវជ្រាវបង្រ្កាបទីតាំងឃ្លាំងស្តុកទំនិញដ៏ធំមួយ ដែលផ្ទុកទៅដោយផលិតផលថែរក្សាសម្រស់ក្លែងក្លាយ(មិនមានប្រភពនាំចូលច្បាស់លាស់) ជាច្រើនប្រភេទត្រូវបានកម្លាំងចំរុះចុះបិទ កំពុងតែបង្កការចាប់អារម្មណ៍ និងបង្កើតជាចម្ងល់យ៉ាងខ្លាំងពីសំណាក់មហាជន។ ព្រោះ ក្នុងចំណោមផលិតផលដែលដកហូតបានទាំងនោះ រួមមាន៖ម៉ាកយីហោ «ផលិតនាងល្អ» ដែលគេស្គាល់ថាជារបស់លោកស្រី លី សុខដាឡែនផងដែរ ។
សូមជម្រាបជូនថា ការចុះបង្ក្រាបពីមន្ដ្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)នគរបាលនិងមន្ត្រីតុលាការ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិព្រះគន្ធារ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ឃ្លាំងដែលរងការបិទមានផ្ទុក សម្ភារៈ និងផលិតផលជាច្រើនមុខ ដូចជា៖ សាប៊ូកក់សក់ ក្រែមបន្ទន់សក់ និងផលិតផលថែរក្សាស្បែកផ្សេងទៀត ត្រូវបានរៀបចំទុកដាក់ក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់ ។
សមត្ថកិច្ចបានរកឃើញផលិតផលជាច្រើនដែលពាក់ព័ន្ធការក្លែងបន្លំប្រភពនាំចូល និងគ្មានបញ្ជីការត្រឹមត្រូវ ៖
1.ក្រែមបន្ទន់សក់ NEANG L’OR ពណ៌ផ្កាឈូក ចំណុះ 330ml ចំនួន ៧៧កេស/៤៨ដប MFG: 25-10-2025 EXP:25-10-2028
2.ក្រែមបន្ទន់សក់ NEANG L’OR ពណ៌លឿង ចំណុះ: 330ml ចំនួន ១២៥កេស/៤៨ដប MFG: 25-10-2025 EXP:25-10-2028
3.ក្រែមបន្ទន់សក់ NEANG L’OR ពណ៌ស្វាយ ចំណុះ: 330ml ចំនួន ៥២កេស/៤៨ដប MFG: 25-10-2025 EXP:25-10-2028
4.សាប៊ូដុសខ្លួន NEANG L’OR ពណ៌ផ្កាឈូក ចំណុះ: 800ml ចំនួន 56កេស/៣០ដប MFG: 18-09-2025 EXP:18-09-2028
5.សាប៊ូដុសខ្លួន NEANG L’OR ពណ៌លឿង ចំណុះ: 800ml ចំនួន១០០កេស/៣០ដប MFG: 18-09-2025 EXP:18-09-2028
6.សាប៊ូដុសខ្លួន NEANG L’OR ពណ៌ស្វាយ ចំណុះ: 800ml ចំនួន៧២កេស/៣០ដប MFG: 18-09-2025 EXP:18-09-2028
7.សាប៊ូកក់សក់ NEANG L’OR ពណ៌លឿង ចំណុះ: 500ml ចំនួន ១០៨កេស/៤៨ដប MFG: 28-10-2025 EXP:28-10-2028
8.សាប៊ូកក់សក់ NEANG L’OR ពណ៌ស្វាយ ចំណុះ: 500ml ចំនួន ៨កេស/៤៨ដប FG: 28-10-2025 EXP:28-10-2028 ;
9.សាប៊ូដុសខ្លួនបុប្ផា ០៤ពណ៌(ស្វាយ/ផ្កាឈូក/ទឹកក្រូច/ផ្លែប៉ោម) ចំណុះ:750ml ចំនួន២៥៧ កេស/២៤ដប EXP: 17-09-2030
10.ថ្នាំដុសធ្មេញសញ្ញាក្បាលពពែ (ពណ៌ផ្លែប៉ោម/បៃតង) ចំណុះ: 100ក្រាម ចំនួន ១១១កេស/១៤៤ទីប MFG: 17-10-2025 EXP:16-10-2028
11.សាប៊ូដុសខ្លួន BESS (ក្លិនក្រូចនិងម្នាស់) ចំនួន ៩៤កេស EXP:11-01-2031
12.ឈុតជម្រុះកោសិកា NEANG L’OR ចំណុះ: ១៥ក្រាម ចំនួន ១៨កេស/៤៤ប្រអប់ MFG:15-03-2024 EXP:15-03-2027
13.គម្របកំប៉ុង N8 ចំនួន៤៥កេស/៥២៨ឯកតា
14.ឡេbooster white VIP ចំណុះ: ១៥០ក្រាម ចំនួន ៣៥១កេស/៦០កំប៉ុង MFG:25-12-2025 EXP:25-12-2028
15.ផលិតផលចម្រុះ ១០០០កេស(តូច)
16.សេរ៉ូមលាបមុខ THE ELF NANO ចំណុះ: 60ml ចំនួន ៧៤កេស/៥០ដបMFG:11-03-2026 EXP:11-03-2028
17.ក្រែមបន្ទន់សក់ FINO ចំណុះ: 230ក្រាម ចំនួន ៨៦កេស/៣៦កំប៉ុង (គ្មានកាលបរិច្ឆេទ)
18.ទឹកអប់ដាក់ក្នុងបន្ទប់ទឹក GLOBETROTTER ចំណុះ: 130ml ចំនួន២កេសធំ/៤៨ដបEXP:17-08-2028
19.ម៉ាស់បិទមុខ Dr.Jart+ ចំណុះ: 25ក្រាម ចំនួន ៣៤កេស/២៤ប្រអប់ EXP: 08-2027 20.ទំនិញចម្រុះ ៣២៦កេស /៤៨ដប ។
គួរបញ្ជាក់ថា បើតាមយោងតាមប្រភពព័ត៍មានពីក្រសួងសុខាភិបាល កន្លងទៅធ្លាប់បានបញ្ជាប់ថា ចំពោះផលិតផលថែរក្សាសម្រស់ក្លែងក្លាយ ភាគច្រើនត្រូវបានផលិតឡើងដោយគ្មានស្តង់ដារបច្ចេកទេស និងផ្ទុកទៅដោយសារធាតុគីមីហាមឃាត់ដូចជា៖ បារត ឬអ៊ីដ្រូគីណូន ដែលអាចបង្កឱ្យខូចខាតស្បែក កើតដំបៅ ឬរលាកស្បែកធ្ងន់ធ្ងរ មិនតែប៉ុណ្ណោះវាធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរជ្រុះសក់ ឬខូចខាតស្បែកក្បាលកម្រិតធ្ងន់៕ដោយ៖តារា












