អតីតតារាបាល់ទាត់ប្រេស៊ីល Ronaldinho បានសម្រេចចិត្តវិលត្រឡប់ចូលប្រកួតបាល់ទាត់វិញនៅវ័យ ៤៦ ឆ្នាំ បន្ទាប់ពីចុះកិច្ចសន្យាជាមួយក្លិប Ravenna FC ក្នុងលីគលំដាប់ទី៣របស់អ៊ីតាលី (Serie C)។
ការវិលត្រឡប់របស់ម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០០៥ រូបនេះ បានធ្វើឱ្យអ្នកគាំទ្របាល់ទាត់ជាច្រើននឹករលឹកដល់អតីតកាលដ៏រុងរឿងរបស់គាត់ បើទោះបីជាការប្រកួតចុងក្រោយនៅកម្រិតក្លឹបរបស់ Ronaldinho កើតឡើងតាំងពីឆ្នាំ ២០១៥ ជាមួយ Fluminense ក៏ដោយ។
ក្លឹប Ravenna ដែលមានមូលដ្ឋាននៅតំបន់ Emilia-Romagna និងមានកីឡដ្ឋានផ្ទុកអ្នកទស្សនាបានជាង ១២,០០០ នាក់ មិនមែនជាក្លឹបល្បីល្បាញនៅលើឆាកអន្តរជាតិឡើយ។ ទោះជាយ៉ាងណា ការមកដល់របស់ Ronaldinho ដែលជាកីឡាករដ៏មានឈ្មោះល្បីបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ បានធ្វើឱ្យក្លឹបនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពបាល់ទាត់។
ក្នុងពិធីចុះហត្ថលេខា Ronaldinho បានពាក់អាវថ្មីរបស់ Ravenna និងបង្ហាញពាន Ballon d’Or ដែលលោកឈ្នះកាលពីឆ្នាំ ២០០៥ មុនពេលចុះហត្ថលេខាលើកិច្ចសន្យា ដោយមានម្ចាស់ក្លឹប លោក Ignazio Cipriani អង្គុយនៅក្បែរផងដែរ។
Ronaldinho បានប្រាប់ Reuters ថា៖ «ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់។ ខ្ញុំមានមិត្តភាពជាមួយគ្រួសារ Cipriani ជាយូរមកហើយ ហើយឱកាសនេះបានកើតឡើងដោយធម្មជាតិ។ យើងទាំងអស់គ្នាចង់ឃើញ Ravenna ទទួលបានជោគជ័យ»។
អតីតតារារូបនេះបានបញ្ជាក់ថា ការវិលត្រឡប់របស់លោកមិនមែនគ្រាន់តែដើម្បីរំលឹកអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ជំរុញទឹកចិត្តដល់យុវជនជំនាន់ក្រោយផងដែរ។ «ខ្ញុំសង្ឃឹមថា វានឹងផ្តល់ឥទ្ធិពលវិជ្ជមាន និងជំរុញឱ្យអ្នកដទៃបន្តដេញតាមក្តីស្រមៃរបស់ខ្លួន ដូចដែលខ្ញុំបានសម្រេចក្តីស្រមៃរបស់ខ្ញុំ»។
ចំណែកលោក Ignazio Cipriani ដែលបានទិញក្លឹប Ravenna កាលពីឆ្នាំ ២០២៤ និងមានមហិច្ឆតានាំក្លឹបឡើងទៅកាន់ក្របខណ្ឌ Serie A នោះ បាននិយាយថា ការនាំយក Ronaldinho មកកាន់ក្លឹប គឺជាក្តីស្រមៃតាំងពីកុមារភាព។ «Ronaldinho បានជំរុញឱ្យខ្ញុំ និងមនុស្សជំនាន់ខ្ញុំស្រឡាញ់កីឡាបាល់ទាត់។ គាត់ធ្វើអ្វីដែលខុសប្លែកពីអ្នកដទៃ ហើយវាតែងតែជាការបំផុសគំនិតសម្រាប់ខ្ញុំ»។
លោក Cipriani ជឿជាក់ថា វត្តមានរបស់ Ronaldinho នឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ Ravenna ឱ្យកាន់តែធំឡើង និងនាំមកនូវភាពរីករាយដល់ទីក្រុងទាំងមូល។
ការវិលត្រឡប់របស់ Ronaldinho នៅវ័យ ៤៦ ឆ្នាំ បានក្លាយជាព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងពិភពបាល់ទាត់ និងជាសញ្ញាបង្ហាញថា ក្តីស្រមៃ និងចំណង់ចំណូលចិត្តចំពោះបាល់ទាត់ មិនមានអាយុកំណត់ឡើយ៕










