រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ជំរុញដល់សមាជិកអាស៊ានរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យបាននូវគ្រប់ទម្រង់នៃបទល្មើសអន្តោប្រវេសន៍ជាពិសេសការឆរបោកតាមអនឡាញ

ចែករំលែក៖

ខេត្តសៀមរាប៖​ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធាន កុងស៊ុលអាស៊ាន (DGICM) លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្ចើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់បណ្តាប្រទេសដែលជាសមាជិកអាស៊ាន ត្រូវខិតខំរួមគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ទប់ស្កាត់និងបង្ក្រាបឲ្យបាននូវគ្រប់ទម្រង់នៃបទល្មើសអន្តោប្រវេសន៍ឧក្រិដ្ឋកម្មឆ្លងដែនប្រឆាំង ភេរវកម្ម និងបទល្មើសផ្សេងៗទៀត ពិសេសការឆរបោកតាមអនឡាញ (Scam)។​ នេះបេីយោង​ប្រភពព័ត៌មាន​ពី​ទីភ្នាក់ងារ​ AKP នៃក្រសួងព័ត៍មាន ។

លោកអភិសន្តិបណ្ឌិត​ ស​ សុខា​ បានបន្តថា ក្នុងរយៈពេលចុងក្រោយនេះ បទល្មើសឆរបោកតាមអនឡាញបានក្លាយជាហានិភ័យសម្រាប់ប្រទេសនៅក្នុងតំបន់ទាំងមូល។ ទន្ទឹមគ្នានេះ ក្រៅពីកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ អាស៊ានក៏បានបង្កើនកិច្ចសហប្រតិបត្តិជាមួយបណ្តាប្រទេសនានា ដូចជា ចិន ជប៉ុន កូរ៉េ ក្នុងក្របខ័ណ្ឌ DGICM សំដៅដល់ការធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងព្រំដែន ការងារអន្តោប្រវេសន៍ និងការងារកុងស៊ុល។ លោកឧបនាយករដ្ឋមន្ត្រី​ ក៏បានជំរុញឱ្យមានការផ្លាស់ប្តូរព័ត៌មានរវាងគ្នានឹងគ្នា ក៏ដូចជាបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្ត្រី ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការបង្ក្រាបបទល្មើសនានាផងដែរ។

នាឱកាស​នោះដែរ​ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានកិច្ចប្រជុំ DGICM លើកទី២៩នេះ បានមានប្រសាសន៍ថា ចាប់តាំងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ DGICM បានប្រែក្លាយជាវេទិកាមួយកាន់តែមានសារៈសំខាន់ សម្រាប់ការពង្រឹងកិច្ចសន្ទនាក្នុងតំបន់ ការពិគ្រោះយោបល់ សំដៅដាក់ចេញនូវយន្តការសម្រួលដល់ការធ្វើដំណើរ និងការបង្ការទប់ស្កាត់បទល្មើសអន្តោប្រវេសន៍ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែននានាកាន់តែមានប្រសិទ្ធភាពខ្ពស់។ លោកបន្តថា សម្រាប់រយៈពេល៣០ឆ្នាំនេះចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ពិតជាមានមោទនភាពណាស់ ដែលបានរួមដំណើរជាមួយប្រទេសជាសមាជិកអាស៊ាននិងដៃគូពិគ្រោះយោបល់ដទៃទៀតក្នុងការធ្វើឱ្យសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗជាច្រើន ដែលជាប្រយោជន៍សម្រាប់ប្រទេសជាតិរបស់យើង និងសហគមន៍អាស៊ានរបស់យើង ចាកផុតពីការគំរាមគំហែងនៃឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងបទល្មើសអន្តោប្រវេសន៍នានា។

...

លោកបន្តថា កិច្ចប្រជុំ DGICM លើកទី២៩ នាឆ្នាំនេះ នឹងបន្តពិភាក្សាគ្នាលើរបៀបវារៈដែលនៅសេសសល់ និងរបៀបវារៈថ្មីមួយចំនួនទៀត ដែលប្រទេសជាសមាជិកមួយចំនួន បានស្នើឡើង។ ដូចឆ្នាំមុនៗដែរ កិច្ចប្រជុំ DGICM និងកិច្ចប្រជុំពាក់ព័ន្ធសរុបចំនួន៦ នឹងត្រូវរៀបចំតាមលំដាប់លំដោយ និងតាមកម្មវិធីដែលបានគ្រោងទុក រួមមាន៖កិច្ចប្រជុំថ្នាក់ប្រធានប៉ុស្តិ៍ច្រកទ្វារអន្តោប្រវេសន៍សំខាន់ៗ នៃអាស៊ាន លើកទី៩ (9th AMICF) កិច្ចប្រជុំថ្នាក់ប្រធានអង្គភាពទទួលបន្ទុកអំពើរត់ពន្ធមនុស្ស លើកទី៥ (5th HSU) កិច្ចប្រជុំក្រុមមន្ត្រីជំនាញអន្តោប្រវេសន៍អាស៊ានលើកទី២១ (21st AIIF) កិច្ចប្រជុំថ្នាក់អគ្គនាយកអន្តោប្រវេសន៍និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ (29th DGICM) កិច្ចប្រជុំជាមួយដៃគូពិគ្រោះយោបល់អូស្ត្រាលីលើកទី២១ (21st DGICM + Australia)កិច្ចប្រជុំជាមួយដៃគូពិគ្រោះយោបល់ ចិន ជប៉ុន និងកូរ៉េខាងត្បូង លើកទី៥ (5th DGICM + 3) និងកិច្ចប្រជុំទ្វេភាគីមួយចំនួនទៀត តាមការស្នើសុំរបស់ប្រទេសជាសមាជិកនិងភាគីពិគ្រោះយោបល់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print