ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងដាក់ឱ្យអនុវត្តកញ្ចប់ជំរុញសេដ្ឋកិច្ចទំហំ 26.34 ទ្រីលានរូពី (ប្រមាណ 1.5 ពាន់លានដុល្លារអាមេរិក) នៅពាក់កណ្តាលទីពីរនៃឆ្នាំ 2026 ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះរួមមានការផ្តល់អង្ករ 10 គីឡូក្រាម ដល់ប្រជាពលរដ្ឋរាប់លាននាក់នៅទូទាំងប្រទេស។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច កញ្ចប់ជំនួយនេះផ្តោតជាសំខាន់លើសន្តិសុខស្បៀងអាហារ ដោយថវិកាប្រមាណ 68% ត្រូវបានបែងចែកសម្រាប់កម្មវិធីជំនួយស្បៀងអាហារ។
ក្រៅពីនេះ រដ្ឋាភិបាលក៏នឹងផ្តល់ការបញ្ចុះតម្លៃលើការធ្វើដំណើរតាមអាកាស ផ្លូវដែក និងផ្លូវទឹក ព្រមទាំងបង្កើតកម្មវិធីហាត់ការដែលមានប្រាក់ឧបត្ថម្ភសម្រាប់យុវជនផងដែរ។
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto បានឱ្យដឹងថា រដ្ឋាភិបាលនឹងទទួលបន្ទុកបង់ពន្ធលើតម្លៃបន្ថែម (VAT) សម្រាប់សំបុត្រយន្តហោះ ដើម្បីជួយកាត់បន្ថយចំណាយធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ជាផ្នែកមួយនៃវិធានការនេះ ឥណ្ឌូនេស៊ីនឹងចែកចាយអង្ករ 10 គីឡូក្រាម ដល់អ្នកទទួលផលប្រយោជន៍ប្រមាណ 33 លាននាក់ ចាប់ពីខែក្រោយតទៅ ដោយបានបម្រុងថវិកាចំនួន 17.54 ទ្រីលានរូពី សម្រាប់កម្មវិធីនេះ។
កាលពីត្រីមាសទី1 ឆ្នាំ 2026 រដ្ឋាភិបាលឥណ្ឌូនេស៊ីបានចំណាយថវិកាប្រមាណ 15 ទ្រីលានរូពី លើកម្មវិធីជំនួយស្បៀងអាហារ និងវិធានការជំរុញសេដ្ឋកិច្ចផ្សេងៗរួចមកហើយ។
រដ្ឋាភិបាលទីក្រុង Jakarta កំពុងកំណត់គោលដៅឱ្យសេដ្ឋកិច្ចជាតិមានកំណើនយ៉ាងហោចណាស់ 5.4% នៅឆ្នាំនេះ ខ្ពស់ជាងអត្រាកំណើន 5.11% ដែលសម្រេចបានកាលពីឆ្នាំមុន។
អ្នកវិភាគមើលឃើញថា កញ្ចប់ជំរុញសេដ្ឋកិច្ចថ្មីនេះនឹងជួយបង្កើនការប្រើប្រាស់ក្នុងស្រុក កាត់បន្ថយសម្ពាធថ្លៃជីវភាព និងគាំទ្រដល់ការសម្រេចគោលដៅកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី៕










