ក្រុម​ចោរ​ដើរ​លួច​ម៉ូតូ​ញឹកញាប់ តែ​មន្ត្រី​តាម​ស្រុក​ខ្លះគ្មាន​របាយ​ការ​ណ៍ ​ខ្លះ​លាក់បាំង​ លុះ​ចាប់​បាន​ចោរ ​ទើប​ភ្ញាក់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង ​៖ ចោរ​១សំបុក​ដែល​តែង​ធ្វើ​សកម្មភាព​«​លួច​»​យក​ម៉ូតូ​ប្រជា​កសិករ​នៅ​តាម​ស្រុកស្រែ​ស្ទើរ​រាប់​ភ្លេច ប៉ុន្តែ​មន្ត្រី​តាម​បណ្ដា​ស្រុក​ខ្លះ​គ្មាន​របាយ​ការ​ណ៍ ឬ មិន​ដឹង ឬដឹង​ហើយ​តែ​ព្យាយាម​លាក់បាំង​ថ្នាក់ដឹកនាំ​នោះ ពេល​នេះ ​ត្រូវ​កម្លាំង​ការិយា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្តស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បាន​ចំនួន​០៤​នាក់ ថែម​ទាំង​រឹបអូស​បាន​ម៉ូតូ​ចំនួន​០៥​គ្រឿង​​ជា​វត្ថុ​តាង និង​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ហើយ កាលពី​ថ្ងៃ​ទី​២៣ មិថុនា ក្រោយ​មន្ត្រី​ការិយាល័យ​ជំនាញ​បញ្ចប់​នី​តិ​វិធី​ចងក្រង​សំណុំ​រឿង ​។

​ក្រុម​ជនសង្ស័យ​ដៃ​រហ័ស​ទាំង​០៤​នាក់ ដែល​ត្រូវ​​​មន្ត្រី​ជំនាញ​បញ្ជូន​ទៅ​ប្រគល់​តុលា​ការ​នោះ​មាន​៖ ១-​ឈ្មោះ វង់ សុ​ជាតិ ហៅ​ហ៊ីង ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ នៅ​ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ  ២-​ឈ្មោះ សេង សុ​ឈឿ​ន ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ  ៣-​ឈ្មោះ ភា សុខ​ឃ​ន ហៅ​ទីង ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ និង​៤-​ឈ្មោះ យ៉ាង គា ហៅ ធី ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ពួក​គេគេ៤នាក់​នេះ​ នៅ​ភូមិ​ដំណាក់​ហ្លូ​ង សង្កាត់​វត្ត​គេ ក្រុង​បាត់ដំបង​ ។

​ក្រុម​នេះ​ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​នេះ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២០ មិថុនា ក្រោម​ការ​បញ្ជា​​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត បន្ទាប់​ពី​ទ​ទួ​ល​បណ្ដឹង​ចុង​ក្រោយ​​ពី​ជន​រង​គ្រោះ នៅ​សង្កាត់​​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ដែល​គាត់​ត្រូវ​ចោរលួច​យក​ម៉ូតូ​ទៅ​បាត់​ កាលពី​ជាង​មួ​យស​ប្ដា​ហ៍​​មុន​នេះ​ ។

​បើ​​តាម​សមត្ថកិច្ច​ ​ការ​ចេញ​ធ្វើ​សកម្មភាព​ចុង​ក្រោយ​នៃ​ក្រុម​ចោរ​នេះ​ មុន​ពេល​ត្រូវ​ចាប់ខ្លួន​គឺ​បក្ខពួក​គេ​មួយ​ចំនួន​បាន​ធ្វើ​សកម្មភាព ​«​លួច​យក​ម៉ូតូ​» ​១គ្រឿង នៅ​រសៀល​ថ្ងៃ​ទី ១១ មិថុនា នៅ​ចំណុច​ភូមិ​ព្រៃ​ដាច់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ដែល​ម្ចាស់​ឈ្មោះ រ៉​ម សា​រៀប ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​រកា សង្កាត់​អូរ​ម៉ា​ល់ ​។

​ស្នងការ​រង​ទ​ទួល​ផែន​ព្រហ្មទណ្ឌ លោក ឈឿ​ង គឹ​ម​សុង ដែល​ដឹកនាំ​កិច្ច​ប្រ​តិ​ប​ត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​មួយ​សំបុក​នេះ​បាន​និយាយ​ថា មន្ត្រី​ការិយាល័យ​ជំនាញ​បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ក្រោយ​ទ​ទួ​ល​បណ្ដឹង​ជន​រង​គ្រោះ ទើប​កំណត់​​មុខ សញ្ញា​នេះ​បាន និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ជន សង្ស័យ​បាន​ចំនួន​០៤​នាក់ ដក​ហូត​ម៉ូតូ​ចំនួន​០៥​គ្រឿង រួម​ជាមួយ​ស្លាក​លេខ​ម៉ូតូ​មួយ​ចំនួន​ផង ​។

លោក​ ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា បើ​តាម​ប្រវត្តិ​ដែល​មន្ត្រី​ជំនាញ​របស់​លោក​តាម​កំណត់​ពី​សកម្មភាព​ពួក​គេ​ គឺ​ក្រុម​នេះ​ធ្លាប់​ធ្វើ​សកម្មភាព​«​លួច​ម៉ូតូ​»​ច្រើន​លើក​ណាស់  ប៉ុន្តែ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ពួក​គេ​បាន​សារភាព​ថា «​ធ្លាប់​លួច​ម៉ូតូ​ត្រឹម​​តែ​០៦​លើក​ប៉ុណ្ណោះ​» ដែល​ធ្វើ​សកម្មភាព​នៅ​តាម​បណ្ដា​ស្រុក​នានា​ ។

នៅ​ចំពោះ​មុខមន្ត្រី​សួរ​​​ចម្លើយ ក្រុម​ជនសង្ស័យ​ទាំង​០៤​នាក់ បាន​ផ្ដល់​ចម្លើយ​ប្រហាក់ប្រហែល​​គ្នា​អំពី​ចំនួន​បទល្មើស និង​ទីតាំង​ដែល​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ ។ ភាគច្រើន​ពួក​គេ​ «​លួច​ម៉ូតូ​»​ របស់​ប្រជា​កសិករ​នៅ​តាម​ស្រុកស្រែ ដែល​ពួក​គាត់​ជិះ​ទៅ​ស្រែ​ចម្ការ ហើយ​​ទុក​ចោល​តាម​ដំបូក ឬ​តាម​ម្លប់ឈើ​ក្នុង​ស្រែ​ដែល​ជា​ការ​ធ្វេសប្រហែស​ ។

​ឆ្លើយ​តប​នឹង​សំណួរ​​ដេញដោល​របស់​មន្ត្រី​ជំនាញ ក្រុម​នេះ​បាន​សារភាព​ថា ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ «​លួច​ម៉ូតូ​»​ គេ​ សរុប​ចំនួន​០៦​លើក ​។  ការ​ប្រព្រឹត្ត​ចុង​ក្រោយ​មិន​ចាំ​ថ្ងៃ​ទេ តែ​ក្នុង​អំឡុង​ខែមិថុនា​នេះឯង នៅ​វាលស្រែ​មួយ​កន្លែង ស្ថិត​ភូមិ​ព្រៃ​ដាច់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់​ដំបង ខណៈ​ដែល​ឃើញ​ម៉ូតូ​នោះ​ត្រូវ​ម្ចាស់​ទុក​ចោល​ទាំងម៉ូតូ ទាំង​សោ​​ផង ​នៅ​លើ​ភ្លឺស្រែ ពួក​ខ្លួន​ក៏​អូស​ចេញ​ជិះ​គេចខ្លួន​តែ​ម្ដង ​។

ក្រុម​នេះ​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​តែង​ចេញ​ធ្វើ​សកម្មភាព​ «​លួច​ម៉ូតូ​»​ ភាគច្រើន​នៅ​ក្នុង​ទឹកដី​ស្រុក​បាណ​ន់ និង​ស្រុក​ថ្មគោល​ ។ ម៉ូតូ​ដែល​ពួក​គេ​បាន​ «​លួច​យក​» ច្រើន​​តែ​ម្ចាស់​ធ្វេសប្រហែស​ទុក​ចោល​នៅ​តាម​ម្លប់ឈើ​ក្បែរ​ដំបូក ឬ​នៅ​តាម​ភ្លឺស្រែ ឬ​នៅ​តាម​ចម្ការ ហើយ​ថែម​ទុក​ទាំង​សោ​​ជាប់​នឹង​ម៉ូតូ​ទៀត​ផង ​។

ពួក​គេ​បាន​បញ្ជាក់​ពី​ចំនួន​បទល្មើស​ប្រាប់​មន្ត្រី​ជំនាញ​ថា រហូត​មក​ទល់​នឹង​ថ្ងៃ​សមត្ថកិច្ច​ចាប់ខ្លួន​នេះ​ គឺ​ជា​​លើក​ទី​០៦ ដែល​ជា​លើក​ចុង​ក្រោយ នៃ​ថ្ងៃ​អវសាន​របស់​ពួក​គេ​ត្រូវ​ចូល​គុក​ល្មម​ ។

​ពាក់ព័ន្ធ​នឹង​អំពើ​ «​ចោរកម្ម​លួច​ម៉ូតូ​» ​នៅ​តាម​បណ្ដា​ស្រុក​នានា ក្នុង​ខេត្តបាត់ដំបង ​មន្ត្រី​មួយ​ចំនួន​ដែល​បានដឹង​រឿង​នេះ​បាន​បង្ហើប​ថា ប៉ុន្មាន​ខែ​ចុ​​ង​ក្រោយ​​នេះ សកម្មភាព​ចោរលួច​ម៉ូតូ​ដូច​ខាងលើ​​មាន​ច្រើន​ករណី​ណាស់​ ។ ប៉ុន្តែ ​មន្ត្រី​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​បាន​ព្យាយាម​បិទ​បាំង មិន​រាយ​ការ​ណ៍​​ជូន​ថ្នាក់លើ​ទេ​ ។

ហើយ​ថែម​ទាំង​មិនរ​វីរ​វល់​ចុះ​សួរនាំ​ជន​រង​គ្រោះ​ទៀត​ផង បើ​ទោះជា​ប្រជាពលរដ្ឋ​បាន​រាយ​ការ​ណ៍​​ជូន​លោក​សមត្ថកិច្ច​ភ្លាម​ៗ​ក្ដី​ ។

ហេតុ​ដូច្នេះ​ហើយ ទើប​ក្រោយ​ៗ​មក ​ពេល​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ម្ដង​ៗ មិន​ចង់​ផ្ដល់​ព័​ត៌​មាន ឬ​ទៅ​ប្ដឹង​មន្ត្រី​មូលដ្ឋាន​ទេ ព្រោះ​មិន​បាន​ផល​ ។ សូ​ម្បី​តែ​ករណី​ក្រុម​ចោរលួច​ម៉ូតូ​ចំនួន​០៤​នាក់ ដែល​កម្លាំង​កា​រិ​យ​ល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​បង្ក្រាប​បាន​ខាងលើ​នេះ បាន​សារ​ភាព​ថា កន្លង​មក ​ពួក​គេ​បាន​ធ្វើ​សកម្មភាព ​«​លួច​ម៉ូតូ​» ​បាន​សម្រេច​ចំនួន​០៦​លើក​នៅ​ក្នុងស្រុក​ចំនួន​០២​ ។ ​ប៉ុន្តែ​ករណី​ខ្លះ​ សមត្ថកិច្ច​មូលដ្ឋាន​គ្មាន​ព្រឹត្តិ​ហេតុ​អំពី​បទល្មើស​បង្ហាញ​ទេ ហើយ​ករណី​ខ្លះ​អត់​ដឹង​តែ​ម្ដង លុះ​ជនសង្ស័យ​ចង្អុលបង្ហាញ​ពី​ទីតាំង​បទល្មើស និង​ចំនួន​ប្រព្រឹត្ត​បទល្មើស ទើប​ពួក​គេ​ធ្វើ​ជា​ភ្ញាក់ខ្លួន​ដូច​ខ្មោច​ប្រែ​រូប​០៧​ថ្ងៃ​ ។

...

មន្ត្រី​ខ្លះ​ពូកែ​ណាស់​ ខាង​ធ្វើ​របាយ​ការ​ណ៍​ភូត​កុហក និង​លាក់បាំង​ថ្នាក់លើ​ កុំ​ឱ្យ​ថ្នាក់លើ​ស្ដីបន្ទោស​ថា នៅ​ក្នុង​មូល​ដ្ឋាន​​របស់​ខ្លួន​បទល្មើស​កើតឡើង​ច្រើន​បង្ក្រាប​មិន​បាន ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print