ភ្នំពេញ៖ បើយោងតាមរបាយការណ៍ក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅសរុបជិត ១ លានតោន (៩៧៩៧២៨) ទៅកាន់ប្រទេសវៀតណាម នៅក្នុងរយៈពេល ៥ ខែដំបូងឆ្នាំ ២០២៦ ដោយបង្កើតប្រាក់ចំណូលជិត ១,៧ ពាន់លានដុល្លារ (១៦៩១) កើនឡើង ២៥,៣៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានមានប្រសាសន៍ថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាបង្ហាញពីភាពរឹងមាំ ខណៈលទ្ធផលនេះផ្ទុយស្រឡះពីការព្រួយបារម្ភកាលពីដើមឆ្នាំ អំពីផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុមកលើទិន្នផលចន្ទី។
ប្រធានសមាគមរូបនេះបន្ថែមថា កំណើននេះកើតមានឡើងនៅចំពេលមានលក្ខខណ្ឌអាកាសធាតុប្រឈម រួមមាន អាកាសធាតុត្រជាក់អូសបន្លាយ ភ្លៀងកក់ខែ និងកម្ដៅខ្លាំងលើសពី ៤០អង្សាសេ ដែលដំបូងឡើយបានបង្ករឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកជំនាញឧស្សាហកម្ម អំពីការធ្លាក់ចុះនៃទិន្នផល និងគុណភាព។
គួរជម្រាបជូនថា កម្ពុជានៅក្នុងឆ្នាំ ២០២៥ រកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤៕ដោយ៖តារា










