ភ្នំពេញ ៖ នៅសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការគ្រប់ គ្រង ការលើកទឹកចិត្តពន្ធនិងអាករ” ក្រោមអធិបតីភាពលោក ប៊ុន ជីវ ប្រធាននាយកដ្ឋានរបបគយ និងលោកបណ្ឌិត ឈន វឿន នាយកសាលាជាតិគយ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ សិក្ខាសាលានេះ រៀបចំឡើងជាលើកទី១ ប្រចាំឆ្នាំ២០២៦ អនុលោមតាមផែនការសកម្មភាព ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ដំណាក់កាលទី៤ សម្រាប់មន្រ្តីគយនិងរដ្ឋាករ សរុប ប្រមាណជាង ១០០ រូ ប ដើម្បីផ្សព្វផ្សាយនូវបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការលើក ទឹកចិត្ត ពន្ធគយនិងអាករ សម្រាប់គម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ការអនុវត្តវិធានការមុតស្រួចក្នុង ការបង្ការនិងបង្រ្កាបបទល្មើស និងការរៀបចំទិន្នន័យចំណាយសារពើពន្ធ ស្របតាមច្បាប់និងបទប្បញ្ញត្តិ ជាធរមាន។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ប៊ុន ជីវ បានជម្រាបជូនអង្គសិក្ខាសាលាទំាងមូល អំពី វឌ្ឍនភាពថ្មីៗ ពាក់ព័ន្ធនឹងការផ្តល់ការលើកទឹកចិត្ត ពន្ធគយនិងអាករសម្រាប់គម្រោងវិនិយោគ ស្របតាមច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការវិនិយោគ ដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបាននិងកំពុង ចូលរួមយ៉ាងសកម្ម ក្នុងការ ពិនិត្យ និងផ្តល់ យោបល់ លើការស្នើសុំការលើកទឹកចិត្តពន្ធនិងអាករនេះ នៅគ្រប់ដំណាក់កាល។ ជាមួយគ្នានេះ គម្រោងវិនិយោគមួយចំនួន ក៏បានទទួលការលើកទឹកចិត្ត ក្នុង ក្របខ័ណ្ឌអនុគណៈកម្មាធិការ វិនិយោគ រាជធានី-ខេត្តផងដែរ។ ដើម្បីគាំទ្រដល់ ការគ្រប់គ្រងការលើកទឹកចិត្តនេះប្រកបដោយប្រសិទ្ធភាព អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា បានបន្តផ្សព្វផ្សាយបទប្បញ្ញត្តិ និងវិធានការចំបាច់នានា ដល់វិស័យ ឯកជននិងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបានបន្តអភិវឌ្ឍ និងកែលម្អប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គាំទ្រកិច្ចដំណើរការបំពេញបែបបទបញ្ចេញទំនិញពីគយ ឱ្យ កាន់ តែ មានភាពទុកចិត្តបាន រហ័ស សុវត្ថិភាព តម្លាភាព និងមិនផ្តល់បន្ទុកបន្ថែមដល់វិស័យឯកជន ក្នុងគោលដៅ ចូលរួមលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត, កាត់បន្ថយចំណាយឡូជីស្ទីក និងកែលម្អបរិយាកាសធុរកិច្ច នៅកម្ពុជា ក្រោមការដឹកនាំប្រកប ដោយ ចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុង បរិការនៃស្ថានភាពសេដ្ឋកិច្ចនិងសង្គម មានការប្រែប្រួលដោយមិនអាចប៉ាន់ប្រមាណបាន ដោយកើតចេញ ពី វិបត្តិជាសកលនោះផងដែរ បានតម្រូវឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដាក់ចេញនូវវិធានការមុតស្រូច ក្នុង ការបង្រ្កាបអំពើរត់គេចពន្ធ និងកែលម្អអភិបាលកិច្ចក្នុងរដ្ឋបាលគយ ក្នុងន័យដើម្បីពង្រឹង ប្រសិទ្ធភាពនៃ
ការប្រមូលចំណូលជូនរដ្ឋ និងបង្កើន កិច្ចសម្រួលពាណិជ្ជកម្ម ដែលជាកាតព្វកិច្ចត្រូវចូលរួមអនុវត្តដោយគ្រប់
អង្គភាពគយនិងរដ្ឋាករ និងវិស័យ ឯកជនពាក់ព័ន្ធ។
ជាលទ្ធផលនៃអង្គសិក្ខាសាលា តាមរយៈសំណួរនិងចម្លើយយ៉ាងផុសផុល សិក្ខាកាមទាំងមូលបានទទួលនូវចំណេះបន្ថែមលើប្រធានបទសំខាន់ៗដូចជា៖ ការលើកទឹកចិត្តពន្ធគយនិងអាករសម្រាប់គម្រោងវិនិយោគក្រោមក្របខ័ណ្ឌច្បាប់វិនិយោគ និងអនុក្រឹត្យពាក់ព័ន្ធ នឹងការអនុវត្តច្បាប់វិនិយោគ, នីតិវិធីត្រួតពិនិត្យបញ្ជីមេមុខទំនិញស្នើសុំការលើកទឹកចិត្តរបស់គម្រោងវិនិយោគ, កិច្ចដំណើរការ ស្នើសុំលិខិតអនុញ្ញាតគយ តាមប្រព័ន្ធបញ្ជរតែមួយជាតិ, ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការលើកទឹកចិត្តពន្ធគយ, ការកត់ត្រាទិន្នន័យចំណាយសារពើពន្ធ ជាពិសេសការពង្រឹងការអនុវត្តវិធានការមុតស្រួចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕
ដោយ ៖ សិលា










