ខេត្តកំពង់ស្ពឺ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីក្រុមអ្នកធ្វើសំណង់បានប្រទះឃើញកម្មករសំណង់ម្នាក់ដេកស្លាប់នៅក្នុងការដ្ឋានធ្វើការគ្មានអ្នកដឹង។ ក្រោយប្រទះឃើញទើបរាយការណ៍ឲ្យសមត្ថកិច្ចចុះទៅពិនិត្យទើបដឹងថាបុរសរងគ្រោះស្លាប់ដោយខ្យល់គរ។
ការភ្ញាក់ផ្អើលនេះកើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមផ្លូវបេតុង ភូមិដក់ពេ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះសុខ នឿន ភេទប្រុស អាយុ៤១ឆ្នាំមានស្រុកកំណើតនៅភូមិទួលតាហ៊ ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។
តាមការរៀបរាប់របស់ឈ្មោះហ៊ុល ហ៊ន ភេទប្រុស អាយុ២៧ឆ្នាំ ដែលជាអ្នកធ្វើសំណង់ជាមួយគ្នាបានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីធ្វើការរួចជនរងគ្រោះបានទិញស្រាអង្គុយផឹកតែម្នាក់ឯង ពេលនោះរូបគេក៏មិនបានចាប់អារម្មណ៍ថា ជនរងគ្រោះបានហូបបាយឬអត់នោះទេ។ ប្រភពបន្តថា ក្រោយមករូបគេក៏ធ្វើដំណើរទៅបន្ទប់ជួលដើម្បីហូបបាយ និងសម្រាកនៅទីនោះ។ លុះព្រឹកឡើងពេលមកដល់ការដ្ឋានក៏ប្រទះឃើញជនរងគ្រោះស្លាប់បាត់ទៅហើយនិងបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យសពតែម្តង។ ចំណែកក្រុមកម្មករសំណង់នៅទីនោះម្នាក់ៗបានលើកឡើងថា ជនរងគ្រោះជាមនុស្សញៀនស្រាជាប្រចាំហើយកន្លងមក បើទោះបីជាអ្នកធ្វើការជាមួយគ្នាហាមនិងមិនឲ្យផឹកស្រាយ៉ាងណាក៏ជនរងគ្រោះមិនស្តាប់ដែរ ហើយពេលខ្លះផឹករហូតដាច់បាយក៏មាន។
លោកអនុសេនីយ៍ឯក ភោគ សម្បត្តិ នាយការិយាល័យកោសល្យវិច័យ និងបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ក្រោយពិនិត្យលើខ្លួនសពជនរងគ្រោះបានសន្និដ្ឋានថា ជនរងគ្រោះគឺស្លាប់ដោយខ្យល់គរមិនមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីឡើយ រួចសមត្ថកិច្ចបានធ្វើឯកសារប្រគល់ឲ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
...
ដោយ៖ សរនាស័ក្តិ