ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ បានចូលរួមសហការជាមួយវិទ្យាស្ថានជាតិការងារ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរៀបចំដំណើរទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាពនិងសុខភាពការងារ (OSHTC) សម្រាប់អធិការការងារថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិស្ដីពី «ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារ» ដែលប្រព្រឹត្តទៅនាថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២៦។
តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ មន្រ្តីជំនាញនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាពនិងសុខភាពការងារនៃនាយកដ្ឋានពេទ្យការងារ បានរៀបចំធ្វើបទបង្ហាញជូនដល់សិក្ខាកាម អំពីឧបករណ៍និងគ្រឿងម៉ាស៊ីន ជាច្រើនប្រភេទ ដើម្បីធ្វើតេស្តសាកល្បងនិងអនុវត្តជាក់ស្តែងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់សម្ភារៈការពារបុគ្គល (PPE) សុវត្ថិភាពគ្រឿងម៉ាស៊ីន ជាពិសេសផ្សារភ្ជាប់សិក្ខាកាមនៃវគ្គសិក្សាថ្នាក់សញ្ញាបត្រវិជ្ជាជីវៈធនធានមនុស្ស ជាមួយនឹងការវិវត្តនៃឌីជីថលភាវូបនីយកម្មលើការបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាពនិងសុខភាពការងារនៅកម្ពុជា។
ទន្ទឹមនេះ សិក្ខាកាមក៏អាចធ្វើការពិសោធដោយផ្ទាល់ជាមួយនឹងការពិសោធនៃការធ្លាក់ពីទីខ្ពស់ ខ្សែក្រវាត់សុវត្ថិភាព មួកសុវត្ថិភាព ស្បែកជើងសុវត្ថិភាព សុវត្ថិភាពអគ្គិសនី និងកន្លែងពិសោធទូទៅដោយប្រើប្រាស់ឧបករណ៍ VR ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុវត្ថិភាពនិងសុខភាពការងារ ជូនដល់បងប្អូនកម្មករនិយោជិត នៅកំលុងពេលបំពេញការងារ។
បន្ថែមពីនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាពនិងសុខភាពការងារ (OSHTC) បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាពនិងសុខភាពការងារដល់កម្មករនិយោជិត ក្នុងគោលបំណងបង្ហាញជូនដល់សិក្ខាកាមទាំងអស់ ដែលជាមន្រ្តីអធិការការងារត្រូវបន្តចែករំលែកចំណេះដឹងបន្ថែមដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ក្រោយពីទទួលបានបទពិសោធថ្មីៗ តាមរយៈការផ្តល់ជូននូវការណែនាំអំពីការសិក្សាសាកល្បង ថែមទាំងបានអនុវត្តដោយផ្ទាល់ជាមួយមន្រ្តីជំនាញសុវត្ថិភាពនិងសុខភាពការងារ៕ដោយ៖តារា










