ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី «ពិធីសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម» នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិផ្ដល់អាទិភាពដល់វិស័យឯកជន និងជួយដល់វិស័យ SME ដោយដាក់ចេញនូវវិធានការ ជួយសម្រួល លើកទឹកចិត្តឱ្យវិស័យទាំងនេះដំណើរការទៅបានល្អ។
ទន្ទឹមនឹងនេះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ គឺពីកម្រិតមីក្រូ ទៅតូច ពីកម្រិតតូច ទៅមធ្យម និងពីមធ្យមទៅធំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ និងសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចជាតិ។
«កម្ពុជាធ្វើកំណែទម្រង់លើវិស័យនានា មិនមែនគ្រាន់តែដើម្បីការរស់រានប៉ុណ្ណោះទេ ប៉ុន្តែដើម្បីពង្រឹងភាពរឹងមាំ ឆ្ពោះទៅរកភាពរីកចម្រើន»។ ប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល ជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
កម្ពុជាទទួលបានការកោតសរសើរជាបន្តបន្ទាប់លើកិច្ចខិតខំប្រឹងប្រែងបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕
ដោយ ៖ សិលា










