ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដោយចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ និងសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាឆ្អឹងខ្នង នៃកំណើនសេដ្ឋកិច្ចជាតិ។
-សម្ដេចធិបតី ថ្លែងថា ជំរុញសហគ្រាសក្នុងស្រុកត្រូវខិតខំបង្កើនសមត្ថភាពផលិតក្នុងស្រុកឱ្យមានចីរភាព និងគុណភាព ដើម្បីបំពេញការប្រើប្រាស់ក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេសផងដែរ។
-សម្ដេចធិបតី ថ្លែងថា បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលដែលផលិតក្នុងប្រទេសជានិរន្តរ៍នោះ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ។ សម្តេចបញ្ជាក់ថា ភាពស្មោះត្រង់ តម្លៃ និងគុណភាព ត្រូវដើរទន្ទឹមគ្នា។
-សម្ដេចធិបតី ថ្លែងថា ប្រទេសកម្ពុជា ជាសមាជិកអង្គការពាណិជ្ជពិភពលោក (WTO) មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ ដូច្នេះដើម្បីពង្រឹងខ្លួនឯង គឺត្រូវតែខិតខំធ្វើឱ្យផលិតផលក្នុងស្រុកប្រកបដោយគុណភាព។
-សម្ដេចធិបតី ថ្លែងលើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ គឺពី កម្រិតមីក្រូ ទៅតូច ពីកម្រិតតូច ទៅមធ្យម និងពីមធ្យមទៅធំ។
-សម្ដេចធិបតី ថ្លែងថា រដ្ឋបាននឹងកំពុងខិតខំជួយវិស័យឯកជន ដើម្បីធ្វើឱ្យសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុក និងការគាំទ្រមានស្ថិរភាពយូរអង្វែង ដើម្បីជំនួសឱ្យការនាំចូល។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ដោយសារការផលិតទឹកដោះគោស្រស់ក្នុងប្រទេសឥឡូវនេះមានសមត្ថភាពអាចផលិតបានរង្វង់ ២០ ភាគរយនៃតម្រូវការប្រើប្រាស់ក្នុងប្រទេស ទើបរាជរដ្ឋាភិបាលសម្រេចឱ្យទម្លាក់ពន្ធ ០ សម្រាប់កម្ចីរបស់ក្រុមហ៊ុនដែលផលិតទឹកដោះគោស្រស់ និងផ្ដល់ដីជាច្រើនពាន់ហិកតាដល់ក្រុមហ៊ុនទាំងឡាយណា ដែលដំណើរការផលិតទឹកដោះគោស្រស់ក្នុងប្រទេស ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងប្រទេសឱ្យបានគ្រប់គ្រាន់។
-សម្ដេចធិបតី ថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិផ្ដល់អាទិភាពដល់វិស័យឯកជន និងជួយដល់វិស័យ SME ដោយដាក់ចេញនូវវិធានការ ជួយសម្រួល លើកទឹកចិត្តឱ្យវិស័យទាំងនេះដំណើរការទៅបានល្អ។
-សម្ដេចធិបតី ថ្លែងជំរុញដល់ផលិតករទាំងអស់ក្នុងវិស័យ SME ត្រូវពង្រឹងភាពម្ចាស់ ការលើខ្លួនឯងដើម្បីឱ្យការផលិតមាននិរន្តរភាពយូរអង្វែង តាមរយៈការពង្រឹងគុណភាពឱ្យកាន់តែល្អ មានតម្លៃសមរម្យ ដើម្បីជំនួសការនាំចូល ទោះបីជាមានការប្រកួតប្រជែង និងការបើកចំហទីផ្សារសេរីក៏ដោយ។
-សម្ដេចធិបតី ថ្លែងណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធរួមគ្នាពិភាក្សាពិគ្រោះយោបល់ ដើម្បីពិនិត្យកែសម្រួលឯកសារច្បាប់នានាពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យផលិតផលិតផលនានាក្នុងប្រទេស ដើម្បីឱ្យសមស្របនឹងសភាពការណ៍បច្ចុប្បន្ន និងភាពជឿនលឿនក្នុងសម័យបច្ចេកវិទ្យា AI ឱ្យមានគោលការណ៍ច្បាស់លាស់ និងមិនអនុវត្តការងារជាន់គ្នារបស់ក្រសួង-ស្ថាប័ន រួមទាំងសម្រួលដល់ផលិតករផងដែរ។
-សម្ដេចធិបតី ថ្លែងណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំសម្រួលនីតិវិធីត្រួតពិនិត្យលើផលិតផលនាំចូលកុំឱ្យមានលក្ខណៈស្មុគស្មាញដល់ការធ្វើអាជីវកម្មទាំងឡាយ ដោយត្រូវស្វែងរកចំណុចរួមមួយដើម្បីឱ្យមានសង្គតិភាព។
-សម្ដេចធិបតី ថ្លែងស្នើដល់អ្នកលក់ទាំងឡាយ កុំយកផលិតផលដែលនឹងបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់មកដាក់លក់លើទីផ្សារ។
-សម្ដេចធិបតី ថ្លែងថា ដើម្បីយើងកាន់តែរឹងមាំ យើងត្រូវរួមគ្នាកាត់បន្ថយកត្តាអវិជ្ជមាន។
-សម្ដេចធិបតី ថ្លែងក្រើនរម្លឹកថា ស្ថានភាពព្រំដែនកន្លងមកថ្មីៗនេះ ធ្វើឱ្យយើងដឹងថា បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ ហេតុនេះដើម្បីយើងខ្លាំង យើងកាន់តែរឹងមាំ យើងត្រូវ រួមគ្នាផលិតរាល់ផលិតផលទាំងអស់ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ។
-សម្ដេចធិបតី ថ្លែងថា ក្នុងពេលដែលពិភពលោកកំពុងស្ថិតក្នុងការប្រែប្រួលមិនប្រាកដប្រជា កម្ពុជាក៏ជួបនឹងបញ្ហាសតវត្សក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ នោះគឺបញ្ហាសង្គ្រាមឈ្លានពាន សង្គ្រាមការពារកេរ្តិ៍ឈ្មោះ និងបញ្ហាប្រែប្រួលសេដ្ឋកិច្ចពិភពលោក។
-សម្ដេចធិបតី ថ្លែងថា បច្ចុប្បន្នកម្ពុជាប្រឹងដោះស្រាយនឹងបញ្ហាសង្គ្រាមធំៗចំនួន ៣ ក្នុងនោះទី១ គឺសង្គ្រាម ដើម្បីការពារកេរ្តិ៍ឈ្មោះកម្ពុជា ពាក់ព័ន្ធនឹង Online Scams ដែលប្រទេសជាច្រើន បានពាក់ព័ន្ធ តែកម្ពុជារងគ្រោះជាងគេ, ទី២ គឺសង្គ្រាមឈ្លានពានបូរណភាពទឹកដីពីប្រទេសថៃ និង ទី៣ គឺសង្គ្រាមសេដ្ឋកិច្ចពិភពលោក។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ជាថ្មីថារាជរដ្ឋាភិបាលមិនបានបោះបង់កិច្ចការងារទាមទារទឹកដីស្របច្បាប់នោះឡើយ គឺបាននឹងកំពុងខិតខំធ្វើកិច្ចការងារនេះដោយសន្តិវិធី តាមរយៈយន្តការអន្តរជាតិ បញ្ចៀសការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធ ដែលវានឹងបង្កើតបរិស្ថានប៉ះពាល់ដល់សេដ្ឋកិច្ច និងប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា ឥឡូវនេះសារព័ត៌មានអន្តរជាតិជាច្រើន រួមទាំងប្រទេសនានាផង នោះបានទទួលស្គាល់ថា ត្រឹមរយៈពេល ៥ ខែកម្ពុជាបានកម្ទេចសម្បុក Online Scams បានល្អ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ផ្ទះដែលបានសាងសង់សម្រាប់ពលរដ្ឋភៀសសឹកស្នាក់នៅ បណ្ដោះអាសន្ន គឺសាងសង់ឡើងដោយប្រើថវិការបស់ជាតិ របស់កម្ពុជាសុទ្ធសាធតែម្ដង មិនមែនសាងសង់ឡើងដោយប្រើថវិការបស់ UN និងប្រទេសនានាដែលបានជួយមកកម្ពុជា ដូចការលើកឡើងរបស់ជនអគតិមួយចំនួនតូចដែលថា UN និងប្រទេសនានាបានផ្ដល់ជំនួយចំនួនហាសិបលានដុល្លារ សម្រាប់ជួយដល់ការសាងសង់ផ្ទះសម្រាប់ពលរដ្ឋភៀសសឹកស្នាក់នៅនោះឡើយ។
-សម្ដេចធិបតី ថ្លែងបញ្ជក់ថា ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច និងខិតខំពង្រឹងខ្លួនថែមទៀត ដើម្បីឈានទៅកាន់ប្រទេសអភិវឌ្ឍន៍នាពេលអនាគត ហើយមហិច្ឆិតានេះ គឺទាមទារឱ្យមានការរួបរួមគ្នាជាធ្លុងមួយរបស់ប្រជាជាតិកម្ពុជា។
សូមជម្រាបជូនថា ការប្រារព្ធទិវាជាតិលើកទី៣ នេះ ក្នុងគោលបំណងដើម្បីសម្រេចបាននូវគោលដៅ អភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ និងបន្តជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជា ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករសំខាន់ក្នុងការបង្កើតការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងជំរុញការប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោក ដែលកំពុងមានភាពមិនច្បាស់លាស់ និងការប្រែប្រួលយ៉ាងឆាប់រហ័ស៕ដោយ៖តារា










