ខេត្តកណ្តាល៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធនឹងករណី រួមភេទជាមួយក្មេងស្រីអាយុ ១៧ឆ្នាំ និងរកឃើញមានសារធាតុញៀនក្នុងខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងរោងមួយកន្លែង ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ កាលពីអំឡុងខែឧសភា ឆ្នាំ២០២៦។ ជនរងគ្រោះមានអាយុ ១៧ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ។
ជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
១. ឈ្មោះ អ៊ុក យ៉តខ្វាន់ អាយុ ២១ឆ្នាំ
២. ឈ្មោះ មាន ម៉ន អាយុ ៤០ឆ្នាំ
៣. ឈ្មោះ អ៊ុក រ៉ាយុ អាយុ ១៥ឆ្នាំ
៤. ឈ្មោះ អ៊ុក រ៉ានុត អាយុ ១៧ឆ្នាំ
ទាំងអស់សុទ្ធតែជាអ្នករើសអេតចាយ និងមានទីលំនៅក្បែរគ្នា។ លទ្ធផលតេស្តទឹកនោមបង្ហាញថា ជនសង្ស័យទាំង ៤នាក់ មានផ្ទុកសារធាតុញៀន។
តាមការបំភ្លឺរបស់ជនរងគ្រោះ នៅយប់កើតហេតុ នាងបានឈ្លោះប្រកែកជាមួយប្តី រួចបានដើរចេញពីផ្ទះទៅ ដល់រោងអាណាធិបតេយ្យខាងលើ ដែលឃើញក្រុមជនសង្ស័យទាំង ៤នាក់ កំពុងជក់គ្រឿងញៀន។ ក្រុមជនសង្ស័យបានហៅនាងឱ្យចូលសម្រាកក្នុងរោង ហើយក្រោយមកក៏បានសុំរួមភេទជាមួយនាងរហូតសម្រេចម្នាក់ម្តងៗ។ លុះដល់ថ្ងៃទី២៦ ខែមិថុនា ទើបជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទី១ (អ៊ុក យ៉តខ្វាន់) បានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះមែន ប៉ុន្តែជាការព្រមព្រៀងគ្នា មិនមែនជាការចាប់រំលោភឡើយ។ ចំណែកជនសង្ស័យ ៣នាក់ទៀត ពុំបានឆ្លើយសារភាពនោះទេ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕










